គម្រោងសាងសង់ផ្លូវជាតិតភ្ជាប់ខេត្តបាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ធ្វើការសិក្សាហើយ។
យោងតាមកិច្ចប្រជុំមួយ ដែលដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៦ ខែតុលា ជាមួយនឹងអង្គភាពពាក់ព័ន្ធ បានសម្រេចឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖
១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។
២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។
៣-ស្នើសុំអោយម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល។