ជនសង្ស័យម្នាក់ជាជនជាតិម៉ាឡេស៊ីត្រូវកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន ក្រោយរកឃើញជាប់ពាក់ព័ន្ធ និងនៅពីក្រោយការបើកកម្ចីប្រាក់តាមអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញត្តិមាត្រា៥៥ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបាននាំខ្លួនបុគ្គលម្នាក់ឈ្មោះ TEE PAU ANN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ីមកកាន់នាយកដ្ឋានដើម្បីសាកសួរតបតាមបណ្ដឹង និងសេចក្ដីរាយការណ៍ដែលប្ដឹងចូលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារក្រុមរកស៊ីកម្ចីប្រាក់តាមអនឡាញ។
ក្រោយការសាកសួរបុគ្គលនេះបានប្រាប់ថា ខ្លួនចូលមកប្រទេសកម្ពុជាក្នុងកំលុងឆ្នាំ២០១៩ ក្នុងគោលបំណងរកស៊ីកម្ចីប្រាក់តាមអនឡាញរហូតដល់បច្ចុប្បន្ន ដោយមានក្រុមការងារខ្លួនជាអ្នកទំនាក់ទំនងរកភ្ញៀវ លុះទំនាក់ទំនងរកបានអ្នកខ្ចីហើយគឺខ្លួនជាអ្នកចុះទៅពិនិត្យមើលដល់ទីតាំងផ្ទាល់ថា គួរឱ្យ ឬមិនគួរឱ្យដោយកំណត់អត្រាការប្រាក់ចន្លោះពី១៥ភាគរយទៅ១៨ភាគរយក្នុងរយ:ពេល២០ថ្ងៃ ។ ក្នុងករណីភ្ញៀវមិនសង ឬមិនមានលទ្ធភាពសង គឺបុគ្គលនេះចុះទៅទារប្រាក់ផ្ទាល់ដល់ទីតាំងភ្ញៀវ ហើយក៏ជាអ្នកនាំបក្ខពួកជាជនជាតិខ្មែរទៅអុកឡុក ស្រែកឡូឡា តាមមុខផ្ទះ និងហាងរកស៊ីរបស់អ្នកខ្ចី ហើយថែមទាំងយករូបរបស់អ្នកខ្ចី និងអ្នកដែលសងប្រាក់រួចយកទៅបង្ហោះគំរាមបរិហារកេរ្តិ៍តាមបណ្ដាញសង្គម និងបានឆាតទៅគំរាមកំហែងបាចខិត្តបណ្ណតាមហាងមុខផ្ទះរបស់អ្នកខ្ចី ។
បច្ចុប្បន្ន បុគ្គលនេះត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ ទន្ទឹមនឹងនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរំលឹកដល់សាធារណជនមេត្តាពិនិត្យពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តក្នុងការខ្ចីប្រាក់តាមរយ:អនឡាញ ជាពិសេសសូមពិនិត្យថាតើអ្នកផ្តល់កម្ចីនោះមានស្ថាប័នកម្ចីស្របច្បាប់ដែរឬទេ មុននឹងសម្រេចចិត្តក្នុងការខ្ចី ជៀសវាងទទួលនូវហនិភ័យនានានៅពេលក្រោយ៕