សង្គម

ឈ្មួញអ្នករកស៊ីទម្លាយថា ដឹកទំនិញពីវៀតណាមក្នុង១ រថយន្តបង់លុយឱ្យមន្ត្រីច្រកដូង ចាប់ពី២០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល

ខេត្តស្វាយរៀង÷ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូងស្ថិតនៅភូមិ-ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងត្អូញត្អែរគ្រប់ៗគ្នាថា សព្វថ្ងៃនេះពិបាករកប្រាក់ចំណេញខ្លាំងណាស់ ព្រោះសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនមួយនេះ និងមន្ត្រីគយចល័តតំបន់២ ដាក់កុងត្រូល កំណត់យកលុយច្រើនហួសហេតុពេក។ មន្ត្រីមានសមត្ថកិច្ចស្ថាប័នផ្សេងទៀតក៏បណ្ដាក់គ្នាយកលុយពីអ្នករកស៊ីច្រើនៗដូចគ្នា។ គ្រាន់តែស្ថាប័នគយមួយមានដល់ទៅពីរកន្លែងចាំយកលុយពីអ្នករកស៊ីដឹកទំនិញ។

ឈ្មួញអ្នកដឹកទំនិញ លួសសំណាញ់គ្រឿងដែកមកពីប្រទេសវៀតណាមចូលប្រទេសកម្ពុជា តាមច្រកព្រំដែនដូងដោយប្រើរថយន្តចំណុះ ៥តោន បានអះអាងថា ខ្លួនដឹក១ជើងបង់លុយឱ្យស្នាក់ការត្រួតពិនិត្យ ៤០.០០០ រៀលជាកំហិត។ បង់ឱ្យការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនតំបន់ដូងចំនួន១០០.០០០រៀល និងបន្តបង់ឱ្យអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ច្រើនស្ថាប័នផ្សេងទៀត។ជា ពិសេសបង់ឱ្យគយចល័ត ដែលដាក់កុងត្រូលចម្ងាយពីព្រំដែន ប្រហែលជិត១គីឡូម៉ែត្រពោលគឺ ក្នុង១ជើងៗបង់គ្រប់កន្លែង សរុបអស់ជាង៣០ម៉ឺនរៀល។ ក្រុមអ្នក រកស៊ីដឹកជញ្ជូនទំនិញខាងលើនេះបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីឡើយ។

អាជីវករដឹកគ្រឿងសំណង់ ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរថយន្តកង់១០ បានបញ្ជាក់ថា រូបគាត់ដឹក១ ជើងៗគឺបង់លុយឱ្យការិយល័យ គយច្រកទ្វារ ចំនួន២០ ម៉ឺនរៀលជាកំហិត ដោយពុំមានវិក្កយបត្រ បង់ពន្ធនាំ ចូល រួចហើយបន្តបង់ឱ្យស្នាក់ការចំនួន២០.០០០ រៀល បន្ថែមពីនេះខ្លួនត្រូវបង់ឱ្យគយចល័ត ដែលដាក់កុងត្រូល នៅក្បែរព្រំដែន ចំនួន២០ម៉ឺនរៀលទៀត។ សរុប១ ជើងអស់ជិត៥០ម៉ឺនរៀលឯណោះ។

រីឯអ្នកបើករ៉ឺម៉ក ដឹកទំនិញគ្រឿងជ័រ និងអីវ៉ាន់ចាប់ហួយ ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់លុយអស់ជិត ១.០០០. ០០០រៀល(មួយលានរៀល)។ ក្នុងនោះ បង់ឱ្យការិយាល័យគយច្រកទ្វារ ចំនួន៧០០.០០០រៀល ក្នុង១ ជើង សម្រាប់ការចេញវិក្កយបត្រ បង់ពន្ធនាំចូល លើមុខ ទំនិញ១ផ្នែកតូច ដើម្បីបង្គ្រប់កិច្ច។ បើអត់វិក្កយបត្រ នាំ ចូលគឺបង់ឱ្យគយច្រកទ្វារព្រំដែនចំនួន៤៥០.០០០រៀល ក្នុង១ជើង រួចបន្តបង់ឱ្យស្នាក់ការត្រួតពិនិត្យ រួមនិងគយចល័ត.ជាបន្តបន្ទាប់ សរុប អស់ជិត១លានរៀល ក្នុង១ ជើងៗយ៉ាងទៀងទាត់។ ចំណែកម្ចាស់រថយន្តវេអងដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាម ក៏បានបញ្ជាក់ដែរថា ខ្លួនដឹកដំឡូង ១ជើង បង់លុយឱ្យមន្ត្រីច្រកទ្វារព្រំដែនអស់ចំនួន១២៥.០០០រៀល។

អ្នកដឹកទឹកកក ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បានលើកឡើងថា ប្រសិនបើខ្លួន ដឹកទឹកកក ហើយមានដាក់ទំនិញពីលើរ៉ឺម៉កតិចតួចគឺក្នុង១ជើងៗ បង់អស់ចាប់៤០.០០០រៀលទៅ៥០.០០០រៀល។ ក្នុងនោះ បង់លុយឱ្យស្នាក់ការចំនួន១០.០០០រៀល បង់ឱ្យគយច្រកទ្វារចំនួន១០.០០០រៀលបង់ឱ្យគយចល័ត ចំនួន១០.០០០រៀលនិងបង់ឱ្យអ្នកពាក់ព័ន្ធមួយ ចំនួនទៀត។ ប្រភពដដែលបន្តថា បើសិនខ្លួនដឹកទឹកកកតែ មួយមុខ ដោយពុំមានបន្ថែមទំនិញ ពីលើរ៉ឺម៉កនោះទេ គឺបង់ក្នុង១កន្លែងៗចំនួន៥.០០០រៀលប៉ុណ្ណោះ។

ពួកមន្ត្រីគយទាំងគយចល័តនិងគយស្នាក់ការបដិសេធថា មិនបានយកលុយពីអ្នករកស៊ីដូចការចោទប្រកាន់ខាងលើនេះទេ។ ប៉ុន្តែថាតើនរណាជាអ្នកយកលុយពីអ្នករកស៊ីទាំងនេះ? តើអាជ្ញាធរខេត្តស្វាយរៀងក៏ដូចជាស្ថាប័នគយគួរបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីលាងជម្រះកេរ្តិ៍ឈ្មោះមន្ត្រីគយផងបានទេ? តើសេចក្តីបដិសេធមួយម៉ាត់របស់មន្ត្រីគយ គ្រប់គ្រាន់សម្រាប់ជាភស្តុតាងដើម្បីបញ្ជាក់ថា គយមិនយកលុយពីក្រុមអ្នករកស៊ីដឹកទំនិញ សូម្បីអ្នកដឹកទឹកកកនោះបានដែរឬទេ? ដូច្នេះអ្វីដែលចាំបាច់ ត្រូវតែស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីព្រោះមន្ត្រីគយភាគច្រើនមានកេរ្តិ៍ ឈ្មោះមិនល្អនោះឡើយ។

ជាមួយគ្នានោះក្រុមអាជីវករដែលរកស៊ីដឹកជញ្ជូនតាមច្រកខាងលើស្នើដល់ លោក ប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង,លោកគុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយពីអាជីវករ ដូចការរៀប រាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋ។ ខណៈអំពើពុក រលួយសូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យរាំង ស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕