កាលពីប៉ុន្មានថ្ងៃមុននេះ មន្រ្តីនគរបាល នៃប៉ុស្តិ៍នគរបាលបិតត្រាំង នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើហិង្សាដោយវាយដំទៅលើប្រជាពលរដ្ឋម្នាក់ ក្រោយពីគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យជួយគាត់។
បុរសដែលមានវ័យប្រមាណជា៣០ឆ្នាំ បាននិយាយនៅលើវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមថា គាត់មានបញ្ហាបានរត់មកប្តឹងមន្រ្តីប៉ុស្តិ៍នករបាលបិតត្រាំងឲ្យជួយគាត់ តែបែរជាត្រូវកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំងវាយដំមកលើរូបគាត់យ៉ាងដំណំបណ្តាលឲ្យបែកមាត់ទៅវិញ។
ករណីនេះ លោក ហ៊ួ យៃ អធិការស្រុកព្រៃនប់បានថ្លែងថា ពិតជាមានករណីវាយដំប្រជាពលរដ្ឋមែន ប៉ុន្តែវាការភ័ន្តច្រឡំ ហើយពេលនេះ ភាគីទាំងសង្ខាងបានសម្រុះសម្រួលគ្នារួចហើយ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានលើកឡើងថា តើពលរដ្ឋអាចពឹងពាក់សមត្ថកិច្ចបានដែរឬទេ បើទៅប្តឹងសមត្ថកិច្ចឲ្យជួយ បែរជាត្រូវសមត្ថកិច្ចប្រើហិង្សាវាយដំទៅលើប្រជាពលរដ្ឋទៅវិញ ដូច្នេះសង្ឃឹមថា លោកស្នងការនគរបាលខេត្តព្រះសីហនុ ក៏ដូចជាថ្នាក់លើ ជួយពិនិត្យមើលឡើងវិញនូវសីលធម៌របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បិតត្រាំងផង៕