អន្តរជាតិ

មេដឹកនាំក្រុមហាម៉ាសត្រូវបានសម្លាប់​នៅក្នុងប្រទេស​អ៊ីរ៉ង់

ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបញ្ជាក់នៅថ្ងៃពុធទី៣១ ខែកក្កដាថា មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មែល ហានីយ៉េ ត្រូវបានគេធ្វើឃាតនៅព្រឹកព្រលឹមក្នុងប្រទេសអ៊ីរ៉ង់។ មរណភាពរបស់លោក ហានីយ៉េ គឺកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកបានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់។

ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងជួបប្រជុំដើម្បីសម្រេចយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ក្នុងប្រតិកម្មចំពោះការស្លាប់របស់លោក ហានីយ៉េ ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រដ្ឋធានីតេហេរ៉ង់។ យោធា​អ៊ីស្រាអែល​ បានបញ្ជាក់​ថា ខ្លួន​កំពុង​វាយ​តម្លៃ​ស្ថានភាព ប៉ុន្តែ​មិន​បាន​ចេញ​គោលការណ៍​ណែនាំ​សន្តិសុខ​ថ្មី​ណា​មួយ​សម្រាប់​ជន​ស៊ីវិលនោះទេ។ ព័ត៌មានដែលបានកើតឡើងតិចជាង២៤ម៉ោង បន្ទាប់ពីអ៊ីស្រាអែលបានអះអាងថា បានសម្លាប់មេបញ្ជាការក្រុមប្រដាប់អាវុធហេហ្សសបូឡាហ៍ ដែលរដ្ឋធានីហ្ស៊េរុយសាឡិមអះអាងថា នៅពីក្រោយការវាយប្រហារដ៏សាហាវនៅក្នុងតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។

ក្នុងពេលជាមួយគ្នានេះ ហានិភ័យនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេហ្សបូឡាហ៍ បានកើនឡើង បន្ទាប់ពីការវាយប្រហារនៅតំបន់ Golan Heights ដែលបានសម្លាប់កុមារ១២នាក់កាលពីថ្ងៃសៅរ៍ និងការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ហេហ្សបូឡាហ៍ លោក ហ្វូដ ស៊ុក (Fuad Shukr)។ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមហាម៉ាសបានទម្លុះរបាំងសន្តិសុខជុំវិញតំបន់ហ្កាហ្សា ហើយបានបើកការវាយប្រហារដ៏សាហាវទៅលើសហគមន៍អ៊ីស្រាអែលដែលនៅក្បែរនោះ ដោយបានសម្លាប់មនុស្ស១២០០នាក់ និងចាប់ពង្រត់ចំណាប់ខ្មាំងប្រហែល២៥០នាក់ចូលទៅក្នុងតំបន់ហ្កាហ្សា។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយលុកលើដី និងផ្លូវអាកាសដោយមិនឈប់ឈរនៅក្នុងតំបន់ឆ្នេរដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដោយបានសម្លាប់មនុស្សជាង៣៩០០០នាក់ និងបានធ្វើឱ្យមនុស្សជាង២លាននាក់ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ៕