សង្គម

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកំពុងជ្រួលច្របល់អំពីតំណែងប្រធានមន្ទីរ

ខេត្តមណ្ឌលគិរី÷ក្រោយការដកដំណែងលោកឆៅ ប៊ុនធឿន ចេញពីប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ធ្វើឲ្យគេមើលឃើញថាសភាពការណ៍ទូទៅនៅក្នុងមន្ទីរហាក់ដូចជាស្ងប់ស្ងាត់រួមទាំងចរាចរណ៍នៃការដឹកជញ្ជូនឈើចេញពីតំបន់ដែនអភិរក្សនានានៅក្រោមឱវាទមន្ទីរបរិស្ថានផងហាក់ដូចជាមិនមានសកម្មភាព ដូចមុនឡើយ។ លោកឆៅ ប៊ុនធឿន ក្រៅតែពីចាកចេញដោយសារកំសោយនៃសមត្ថភាពដឹក នាំនោះ លោកក៏បានដឹកយកទៅជាមួយនូវតុ ប្រជុំដ៏ធំ១ ដែលអតីតប្រធានមន្ទីរមុនៗបន្សល់ទុក និងរថយន្ត១ គ្រឿងផងដែរ។ ឥឡូវនេះ បញ្ហាកំពុងកើតឡើងចំពោះ មុខគឺតំណែងប្រធានមន្ទីរ ដែលអ្នកផង កំពុងជ្រួល ច្របល់ចង់បានខ្លាំង។

នៅក្នុងចំណោមបេក្ខជនទាំងឡាយនោះ គេដឹងថា មានលោក រត្ន សុវណ្ណ ដែលលោកឆៅ ប៊ុនធឿន ប្រគល់តួនាទីឲ្យស្ដីទីមុនចាកចេញ និងមានបុរសម្នាក់ឈ្មោះ ជា តារា បច្ចុប្បន្នក្នុងតួនាទីជាអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីក៏កំពុងឡប់ប៊ី និងចំណាយសេវាផ្សេងៗជូនថ្នាក់ដឹកនាំក្រសួង ដើម្បីបានកាន់តំណែងជាប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនោះម្នាក់ផងដែរ។ លោកជា តារា ត្រូវគេអះអាងថា ជាអ្នកដែលមានទ្រព្យធនធានអាចកាន់តំណែងជាប្រធានមន្ទីរបាន។ ប៉ុន្តែគេប្រាប់ដែរថា លោកជា តារា ជាមនុស្សកាក់ល្អិត នៅគ្រាបច្ចុប្បន្នក្នុងតួនាទីជាអនុប្រធាន ដោយមិនឲ្យកូនចៅនៅក្រោម បង្គាប់បានរស់ផងនោះទេ។

លោកជា តារា ទំនងជាត្រូវបានជួយសម្របសម្រួលដោយបងថ្លៃរបស់ខ្លួន ដែលមានអតីតភាពជាប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ បើនិយាយពីសមត្ថភាពដឹកនាំវិញ គឺក្នុងតួនាទីជាអនុប្រធានមន្ទីរសព្វថ្ងៃនេះក៏លោកមិនសមនោះផង។ លោកជា តារា ត្រូវគេប្រាប់ថា សមត្ថភាពដែលសមរម្យសម្រាប់គាត់គឺត្រឹមតែជាមន្ត្រី សាមញ្ញម្នាក់ក៏ហាក់ដូចជាហួសសមត្ថភាពផង។ នេះជាចំណោទមួយសួរថា តើប្រសិនបើគាត់ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មែននោះ តើមន្ទីរនេះត្រូវដឹកនាំយ៉ាងដូចម្ដេច?ប្រការនេះមិនមែនថ្នាក់ ដឹកនាំក្រសួងបរិស្ថានមិនដឹងអំពីសមត្ថភាពរបស់លោក ជា តារា នោះទេ ប៉ុន្តែឆ្លងតាមការសម្របសម្រួលlobby តាមរយៈឥទ្ធិពលដុល្លារ គេរំពឹងថា លោក ជា តារា ជាបេក្ខជនមួយលេចធ្លោ គឺលេចធ្លោក្នុងការទំនាក់ទំនងជា មួយថ្នាក់ដឹកនាំ តាមរយៈអតីតប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីដែលជាបងថ្លៃ គឺមិនមែនលេចធ្លោដោយសមត្ថភាពដឹកនាំនោះឡើយ។

សភាពជ្រួលច្របល់ធ្វើឲ្យពួកមន្ត្រីនៅក្នុងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីហាក់ដូចជាមិនសប្បាយចិត្តពីព្រោះអ្នកដែលប្រាថ្នាតំណែងជាប្រធានមន្ទីរសុទ្ធតែជាមនុស្សដែលអសមត្ថភាព។ លោកឆៅ ប៊ុនធឿន ចេញទៅនាំទាំងតុធំវែងនិងរថយន្ត១គ្រឿង ដែលគេដឹងថា អតីត ប្រធានមន្ទីររូបនេះ គ្មានសមត្ថភាពដឹកនាំការងារអ្វីទាំង អស់ ស្របពេលដែលមានព័ត៌មានស្ដីពីអ្នកដែលប្រាថ្នាចង់បានតំណែងជាមនុស្សដែលអសមត្ថភាពដូចទៅនឹងលោកឆៅប៊ុនធឿនដែរនោះ។ ប្រការនេះគួរតែថ្នាក់ដឹកនាំក្រសួងបរិស្ថានពិនិត្យមើល មុននឹងសម្រេចចំពោះបេក្ខភាពលោកជាតារានោះផង ពីព្រោះនៅក្នុងដំណាក់ កាលនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ លែងត្រូវការមនុស្សអសមត្ថភាពយកមកដឹកនាំទៀតហើយ៕