ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី២៩ខែកក្កដានេះ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញឈានចូលថ្ងៃទី១៨ហើយ

ខេត្តពោធិ៍សាត់÷ការរុករកឧទ្ធម្ភាគចក្រប្រភេទ Z9 បានឈានចូលដល់ថ្ងៃទី១៨ហើយរហូតដល់ថ្ងៃទី២៩ កក្កដានេះ ប៉ុន្តែនៅតែមិនទាន់រកឃើញតម្រុយឬសញ្ញាណា មួយដែលជាពន្លឺឆ្ពោះទៅរកឃើញនៅឡើយទេ។

មន្ត្រីយោធាដឹកនាំប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់នៅជួរភ្នំក្រវាញឲ្យដឹងថា ភ្លៀងនៅបន្តធ្លាក់ជាប់ៗគ្នាជាមួយនឹងកត្តាភូមិសាស្ត្រស្មុគស្មាញ គឺជាឧបសគ្គដ៏ធំបំផុតដែលធ្វើឲ្យការរុករកបានអូសបន្លាយពេល។

យ៉ាងណាក៏ដោយមានការដាក់ពង្រាយកម្លាំងស្វែងរកក្នុងទំហំប្រតិបត្តិការ៥០គីឡូ ម៉ែត្របួនជ្រុងដើម្បីស្វែង រកឧទ្ធម្ភាគចក្រនិងមនុស្ស២នាក់ដែលកំពុងបាត់ខ្លួននោះនៅតែបន្តធ្វើយ៉ាងសកម្ម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ កាលពីចុងសប្តាហ៍បានឲ្យដឹងថា កម្លាំងរុករកថ្មើរជើងបានឆ្លងកាត់អូរនិងស្ទឹងហើយឡើង

កំពូលភ្នំមានកម្ពស់រហូតដល់១ពាន់៥០០ម៉ែត្រ ទៅ១ពាន់៧០០ម៉ែត្រ។

តាមគ្រោងបន្តទៅភ្នំសំកុសដែលក្នុងព្រៃក្រាស់ ។ ភ្នំសំកុស ជាភ្នំខ្ពស់ជាងគេលំដាប់ទី២នៅកម្ពុជា។ ភ្នំនេះមានកំពស់១៧៥១ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ ស្ថិត នៅ ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្ត ពោធិ៍សាត់ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ដែនជំរកសត្វព្រៃភ្នំសំកុស។

សូមរំលឹកថា កាលពីថ្ងៃទី១២កក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ9 ជាមួយអ្នកបើកបរ២នាក់ ប៉ុន្តែបានបាត់ការទាក់ទងនៅពេលកំពុងបើកបរហ្វឹកហ្វឹននៅតំបន់ភ្នំក្រវ៉ាញ។

ទោះជាការរុករកប្រើពេលវេលាយូរយ៉ាងណាក៏ដោយ ក៏សម្តេចធិបតីកាលពីថ្ងៃទី២៣កក្កដា បានបញ្ជាក់អំពីជំហរមិនបោះបង់ ដោយណែនាំអោយបន្តបេសកកម្មរុករកទាល់តែបានជោគជ័យ៕