សង្គម

ទឹកសុទ្ធ៤០០យួរ ត្រូវមន្ត្រីគយខេត្តសៀមរាបបង្គាប់យកលុយបានដោយជោគជ័យចំនួន៥០ម៉ឺនរៀល

ខេត្តសៀមរាប÷ អាជីវករមួយរូបនៅខេត្តសៀមរាបអះអាងថា ខ្លួនត្រូវបានមន្ត្រីគយប្រើប្រាស់រថយន្តពាក់ស្លាកលេខរដ្ឋគំរាមបង្គាប់ ទារប្រាក់អស់៥០ម៉ឺនរៀល នៅគ្រាដែលកំពុងធ្វើដំណើរដឹកទឹកសុទ្ធចេញពីតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ចូលក្រុងសៀមរាប។ តែមេគយខេត្តសៀមរាបអះអាងថា វាជារឿងយល់ច្រឡំ។ តើសេចក្តីបដិសេធរបស់លោកកាង លាង ប្រធានសាខាគយនិងរដ្ឋាករខេត្តសៀមរាប គ្រប់ គ្រាន់សមរម្យទៅនឹងភស្តុតាង ដែលខាងអាជីវករអ្នកដឹកទឹកសុទ្ធនោះដាក់បន្ទុកឬទេ?

អាជីវករដឹកទឹកសុទ្ធបានឲ្យដឹងថា ខ្លួនទិញទឹកសុទ្ធពីឃ្លាំងមួយកន្លែងនៅក្បែរព្រំដែន ដើម្បីដឹកយកមកលក់បន្តបែរជាត្រូវមន្ត្រីសាខាគយ និងរដ្ឋាករ ខេត្តសៀមរាប ដេញស្ទាក់ហើយគោះយកលុយចំនួន៥០ម៉ឺនរៀល ទើបដោះលែង។ អាជីវករខាងលើប្រាប់ថា កន្លងមកខ្លួនតែង តែទិញទឹកសុទ្ធម៉ាកសិង្ហពីឃ្លាំង១កន្លែង នៅក្បែរច្រក ព្រំដែនអន្តរជាតិអូរស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ឃ្លាំងទឹកសុទ្ធមួយនេះ ស្ថិតក្នុងទឹកដីខ្មែរ លក់ចែកចាយលើទីផ្សារស្រុកខ្មែរ។ អាជីវកររកគ្រោះប្រាប់ថា ហើយបើថា ម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ យ៉ាងណានោះ ជារឿងរបស់ឃ្លាំង ដែលគយនៅខេត្តឧត្តរមានជ័យជាអ្នក ចាត់ការតាមច្បាប់ទម្លាប់។ ម្យ៉ាងវិញទៀត រាល់ការទិញលក់របស់គាត់ គឺមានវិក្កយបត្រ ចេញពីឃ្លាំងត្រឹមត្រូវទៀតផង។

អាជីវករខាងលើបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៤ ខ្លួនបានទិញទឹកសុទ្ធម៉ាកសិង្ហ ពីឃ្លាំងខាងលើចំនួន៤០០យួរ រួចក៏ដឹកតាមរថយន្ត ក្នុងបំណងយកមកលក់បន្តនៅផ្ទះរបស់ខ្លួនក្នុងក្រុងសៀមរាបដូចសព្វដង។ពេលដឹកមកដល់ចំណុចមុខវិទ្យាល័យសម្តេចឪ ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាបលើផ្លូវជាតិលេខ៦ស្រាប់តែ លេចមុខ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តសៀមរាប ជិៈរថយន្តម៉ាក Hilux Vigo ពណ៌ស ផ្លាកលេខរដ្ឋ មកស្ទាក់ឃាត់ រថយន្តដឹកទឹកសុទ្ធរបស់ខ្លួន។ ពេលនោះ មន្ត្រីគយគំរាមថា “ខ្ញុំឃាត់នេះគឺតាមបញ្ជាមេ នឹងតម្រូវឱ្យយករថយន្ត រួមនិងទឹកសុទ្ធទៅកន្លែងគយដើម្បីផាក ពិន័យចំនួន៤.០០០.០០០៛(បួនលានរៀល)”។

ក្រោយឃាត់មួយសន្ទុះ មន្ត្រីគយនោះក៏និយាយទៀតថាបើសម្រួលគ្នានៅទីនេះគឺបង់ត្រឹម១.០០០.០០០៛ (មួយលានរៀល)។ ដោយសារភ័យខ្លាចរឿងចាប់យករថយន្តទៅកន្លែងគយ ទើបអាជីវកររងគ្រោះ ក៏បានតាមអង្វរ និងព្យាយាមសម្របសម្រួលសុំថ្លៃជាមួយមន្ត្រីគយ ដោយផ្អែកថា ខ្លួនពុំមែនរត់ពន្ធទំនិញ ឬដឹកទឹកសុទ្ធ គេចពន្ធពីបរទេសនោះទេគឺរូបគាត់ទិញទឹកសុទ្ធពីឃ្លាំងនៅក្នុងទឹកដីកម្ពុជា និងមានវិក្កយបត្រថែមទៀតផង។ក្រោយមានការជជែកសុំថ្លៃគ្នា រវាងអាជីវករនិងមន្ត្រីគយ ទម្រាំត្រូវថ្លៃគ្នាចំនួន៥០ម៉ឺនរៀល។ ភ្លាមនោះអាជីវកររង គ្រោះ ក៏បានផ្ទេរលុយឱ្យមន្ត្រីគយចំនួន៥០ម៉ឺនរៀលតាមរយៈកុងធនាគារ ABA ដែលមានអ្នកទទួលឈ្មោះ KAO VISOTH ។ អាជីវករបន្តថា ក្រោយខ្លួនបានផ្ទេរលុយឱ្យមន្ត្រីគយ តាមការទាមទារហើយនោះ ទើបមន្ត្រីគយនោះ អនុញ្ញាតឱ្យគាត់ បន្តដំណើរទៅមុខ។

អាជីវកររងគ្រោះខាងលើបញ្ជាក់ទៀតថា ការបង់លុយឱ្យគយ ចំនួន៥០ម៉ឺនរៀលនេះ គឺមន្ត្រីគយ មកស្ទាក់ចាប់យកលុយឆៅៗតែម្ដង ដោយគ្មានវិក្កយបត្រ,ចុងសន្លឹកផាកពិន័យ ឬបង់ពន្ធចូលរដ្ឋអ្វីឡើយ ទាំងដែលទំនិញរបស់ខ្លួន ជាទឹកសុទ្ធ ក្នុងស្រុក ដែលមានវិក្កយបត្រពីចេញដេប៉ូ ពុំមែនរត់ពន្ធពីក្រៅប្រទេសនោះឡើយ។ ការដឹកជញ្ជូនទំនិញនោះទៀតសោតក៏មានវិក័យបត្តិត្រឹម ត្រូវចេញដោយឃ្លាំងម្ចាស់ដើមនៅក្នុងប្រទេសផងដែរ។

ឆ្លើយតប និងការអះអាងខាងលើ លោក កាង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្តសៀមរាបបញ្ជាក់ថាករណីខាងលើជាការយល់ច្រឡំ ពោលគឺលោក បានដោះស្រាយបញ្ចប់ហើយ។ ចំពោះសំនួរថា តើមន្ត្រីក្រោមឱវាទបានយកលុយ៥០ម៉ឺនរៀល ដែរឬទេ?ត្រង់ចំណុចនេះលោក កាង លាង ក៏បានបដិសេធថា មិនមានការទទួលលុយនោះឡើយ។ ចុះភស្តុតាងនៃការផ្ទេរលុយតាមរយៈធនាគារ aba នោះវាយ៉ាងម៉េចទៅវិញលោកមេគយខេត្តសៀមរាប? តើសេចក្តីបដិសេធរបស់លោកមេគយ គ្រប់គ្រាន់ជាមួយនឹងភស្តុតាងដែលខាងភាគីអាជីវកររងគ្រោះបង្ហាញនោះទេ? តើអគ្គនាយកដ្ឋានគយនិងរដ្ឋាករក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគួរស៊ើប អង្កេតករណីនេះដែលឬទេ?

បើទោះជាយ៉ាងណាក៏ដោយស្ដ្រីជាភរិយារបស់អាជីវកររងគ្រោះ បានអះអាងបន្ថែមថា ការចាប់រថយន្តដឹកទឹកសុទ្ធក្នុងស្រុក ដោយកំណត់យកលុយបានសម្រេចចំនួន៥០ ម៉ឺនរៀល ពីសំណាក់មន្ត្រីគយមកលើប្ដីខ្លួន គឺជាការពិត៕