សង្គម

ទីតាំងផលិតបារីដ៏ធំមួយនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកំពុងដំណើរការយ៉ាងស្ងាត់ស្ងៀមដើម្បីនាំចេញទៅក្រៅប្រទេស

ខេត្តត្បូងឃ្មុំ÷ទីតាំងផលិតបារីដ៏ធំមួយ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំកំពុងដំណើរការយ៉ាងស្ងៀមស្ងាត់ ដើម្បីនាំចេញទៅប្រទេសជិតខាង។ សមត្ថកិច្ចជំនាញមន្ទីរសិប្បកម្ម ជាពិសេសមន្ត្រីគយ ត្រូវគេរាយការណ៍ថា បានចុះទៅត្រួតពិនិត្យដំណើរការប្រព័ន្ធសង្វាក់ផលិតកម្មនៅទីនោះដែរ ប៉ុន្តែហាក់ដូចជាមិនបានផលប្រយោជន៍អ្វីនោះទេ។ភាពស្ងៀមស្ងាត់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តត្បូងឃ្មុំនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យចំពោះផល ប្រយោជន៍ដែលទទួលបានពីពួកឈ្មួញថៅកែជនជាតិចិននោះ។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្តត្បូងឃ្មុំ គួរមានការបំភ្លឺចំពោះករណីទីតាំងផលិតបារីនេះ។

ប្រជាពលរដ្ឋអ្នកភូមិក្បែរខាងនិយាយថា មានកម្មករខ្មែរដែលធ្វើការនៅទីនោះច្រើនដែរ ប៉ុន្តែពួកថៅកែរឹតបន្តឹងចំពោះបញ្ហាសុវត្ថិភាព ជាពិសេសមិនបណ្ដោយប្រើ ប្រាស់ទូរសព្ទថតរូបផ្ដេសផ្ដាសនោះឡើយ។ កម្មករដែលចូលធ្វើការត្រូវបានប្រមូលទូរសព្ទទុកមួយកន្លែង ដែលក្នុងហេតុផលសំខាន់គឺមិនឲ្យថតរូប។ ក្រុមកម្មករ ជា ច្រើននាក់ទទួលស្គាល់ថានៅទីនេះធ្វើការបានប្រាក់ខែគួរសម ប៉ុន្តែទំនងជាមិនមានច្បាប់ទម្លាប់ ឬគោរពទៅ តាមបទបញ្ជាច្បាប់ក្រសួងការងារអ្វីនោះទេ។ គេឲ្យដឹងថា បារីដែលផលិតរួចត្រូវបានដឹកជញ្ជូនចេញនៅពេលយប់ទំនងជាឆ្លងដែនទៅប្រទេសវៀតណាម។

ទីតាំងផលិតបារីដ៏ធំនេះ លើផ្ទៃដីជាច្រើនហិចតា មានចំនួន ៣អាគារ ដែលមានថៅកែជាជនជាតិចិន ស្ថិតនៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងសម្រុកផលិតដើម្បីលក់ទាំងក្នុងស្រុក និងនាំចេញទៅ ក្រៅប្រទេស រយះពេលជាច្រើនឆ្នាំមកហើយ ខណៈមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្ត និងមន្ត្រីគយធ្វើមិនដឹងមិនឮអ្វីទាំងអស់។ តាមសេចក្តីរាយការណ៍បានបន្តថា រោងចក្រនេះបានធ្វើផលិតបារីជាច្រើនឆ្នាំ។ យូរៗម្តង ឃើញមានមន្ត្រីគយ,មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះទៅអើតឡេមឡឺមៗម្ដងម្កាលដែរ ហើយក៏បណ្តើរគ្នាមកវិញយ៉ាងស្ងៀមស្ងាត់ ទំនងដូចត្រូវថ្នាំអ្វីម្យ៉ាង របស់ថៅកែជនជាតិចិនយ៉ាងអ៊ីចឹង ។

កាលពីប៉ុន្មានខែមុនសមត្ថកិច្ច បានបង្ក្រាបទីតាំងផលិតបារីនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ១កន្លែង។ ការណ៍ដែលឈ្មួញជ្រើសរើសយកទីតាំង នៅជិតព្រំដែនដើម្បីធ្វើជារោងចក្រផលិតបារីនោះ គឺងាយស្រួលក្នុងការនាំចេញទៅប្រទេសជិតខាង(វៀតណាម)។ ក្រៅពីគោលដៅធំសម្រាប់នាំចេញទៅប្រទេសជិតខាង ឬបន្តត្រឡប់ទៅប្រទេសចិនវិញនោះ បារីទាំងនេះក៏ចែកចាយនៅក្នុងប្រទេសកម្ពុជាតិចតួចផងដែរ។ ពីព្រោះបារីទាំងនោះត្រូវគេប្រាប់ថា សម្រាប់តែជនជាតិចិនប៉ុណ្ណោះដែលជក់និងប្រើប្រាស់។ គេកម្រឃើញអ្នកផ្សេងជក់បារីដែលផលិតនៅទីតាំងខាងលើនោះណាស់។

ពលរដ្ឋរស់នៅក្បែរខាងរោងចក្រផលិតបារីខុសច្បាប់របស់ជនជាតិចិនមានចម្ងល់ថា ទាំងមន្ត្រីគយ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ពន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ ថ្នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល ហេតុអ្វីបានជាបណ្ដែត បណ្ដោយឲ្យជនជាតិចិនធ្វើអាជីវកម្មខុសច្បាប់បែបអនាធិប្បតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនរាប់ឆ្នាំបែប នេះ?ឬមានការពាក់ពន្ធ័ នឹងផលប្រយោជន៍ទេដឹង ទើបមិនបង្ក្រាបនោះ ?៕