អន្តរជាតិ

បាឡុង​ផ្ទុកសំរាមរបស់​កូរ៉េខាងជើង​ប្រមាណ៥០០ រំខាន​ជើងហោះហើរ​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល

មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងប្រហែល ៥០០ ផ្ទុកសំរាមចូលទៅក្នុងលំហអាកាសរបស់ខ្លួនក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយបានរំខានដល់ជើងហោះហើរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បាឡុងនេះគឺជាផ្នែកមួយនៃយុទ្ធនាការឃោសនាដែលកំពុងបន្តដោយទីក្រុងព្យុងយ៉ាង ប្រឆាំងនឹងអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជននៅភាគខាងត្បូង ដែលតែងតែផ្ញើប៉េងប៉ោងដែលដឹករបស់របរដូចជា ខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង លុយ និង USB ដែលផ្ទុកដោយវីដេអូ K-pop និងរឿងភាគ។

មន្ត្រីម្នាក់នៅសាជីវកម្មអាកាសយានដ្ឋានកូរ៉េបាននិយាយថា បាឡុងដែលសង្ស័យគឺបានផ្អាកការហោះហើរ និង ផ្អាកការចុះចតនៅអាកាសយានដ្ឋាន Gimpo ទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃពុធអស់រយៈពេលពីរម៉ោង។

បាឡុងទាំងនោះបានប៉ះពាល់ដល់ចរាចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់កូរ៉េខាងត្បូង Incheon ជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕