សង្គម

ក្រុមហ៊ុន សេងណារ៉ុងទិញ ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត សណ្តែកស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា កំពុងបំពុលបរិស្ថានយ៉ាងខ្លាំង

ខេត្តមណ្ឌលគីរី÷ ប្រជាពលរដ្ឋរស់នៅជិតខាងស្នាក់ការក្រុមហ៊ុនសេងណារ៉ុង អ៊ឹមផត អ៊ិចផត ទទួលទិញ ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត សណ្តែកស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីរអ៊ូរទាំ អំពីបញ្ហាក្លិន ស្អុយ,បរិស្ថានមិនល្អដែលធ្វើឲ្យការរស់នៅរបស់ពួកគាត់ជួបនឹងបញ្ហាប៉ះពាល់សុខភាព។ ពិសេសជាងនេះ ទៅ ទៀតគឺបញ្ហាទឹកសម្អុយ,ខ្មៅកខ្វក់ត្រូវបានក្រុមហ៊ុនបង្ហូរចូលទៅក្នុងអូរធម្មជាតិធ្វើព្រងើយ។ អាជ្ញាធរមូលដ្ឋានឃុំស្រុក ហាក់ដូចជាមិនបានចូលរួមចំណែកដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ដែលកំពុងទ្រាំរស់នៅក្នុងក្លិនស្អុយជាប្រចាំនោះឡើយ។

ប្រជាពលរដ្ឋរស់នៅជិតខាងស្នាក់ការក្រុមហ៊ុននោះបាននិយាយថា ក្លិនជ័រកៅស៊ូស្អុយបានជះចេញពីក្នុងក្រុម ហ៊ុនជារៀងរាល់ម៉ោង ជាពិសេសនៅរដូវភ្លៀងដែលធ្វើឲ្យពួកគាត់ពិបាកទ្រាំនិងពិបាករស់នៅខ្លាំងណាស់។ កាក សំណល់ទឹកសម្អុយ ត្រូវបានក្រុមហ៊ុនចូលបង្ហូរចូលទៅក្នុងអូរប្រឡាយ ហូរចូលទៅ អូរធម្មជាតិជាច្រើនកន្លែងដែលអាជ្ញាធរហាក់មិនមានដំណោះស្រាយ សមស្របណាមួយសម្រាប់ធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថាននោះឡើយ។ អ្នកភូមិនិយាយថា បើរដូវប្រាំងក៏មានបញ្ហាទឹកសម្អុយខ្មៅកខ្វក់ហូរចូលទៅក្នុងអូរធម្មជាតិនៅជិតក្រុម ហ៊ុននោះដែរប៉ុន្តែហាក់ដូចជាមិនមានចំណោទពេកទេ។

នៅរដូវវស្សាបញ្ហាចោទខ្លាំង ពាក់ព័ន្ធទៅនឹងក្លិនកៅស៊ូស្អុយនិងកាកសំណល់ជាច្រើនប្រភេទ ដែលក្រុមហ៊ុនបានសំអាត ប៉ុន្តែមិនបានយកចិត្តទុកដាក់ប្រមូលរបស់សម្អាតឲ្យបានស្អាតបាតនោះទេ គឺបង្ហូរទឹកសំអុយខ្មៅកខ្វក់ចូលទៅអូរធម្មជាតិតែម្ដង។ ថ្មីៗនេះស្ថាប័នជំនាញបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងរបស់ក្រុមហ៊ុនសេងបណារ៉ុង អ៊ឹមផត អ៊ិចផត (ទិញ ជ័រកៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ពោត សណ្តែក) ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីពិនិត្យលើលិខិតបទដ្ឋានបរិស្ថានដែលមានសមាសភាពចូលរួមពី លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម, លោក ជិន សុខន សមាជិកក្រុមប្រឹក្សាឃុំ លោកស្រី ស៊ូវ៉ាង សម័យហ្វូនិច អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន, លោក សេង ណារ៉ុង ( ម្ចាស់ក្រុមហ៊ុន)ដើម្បីធានាថាមិនមានបញ្ហាក្លិនស្អុយនិងបង្ហូរទឹកសម្អុយចូលក្នុងអូរធម្មជាតិទៀតទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះប្រជាពលរដ្ឋរាយការណ៍ថា មិនមានការកែប្រែជាវិជ្ជមានណាមួយនៅឡើយទេ ពោលគឺទឹកសម្អុយនៅតែបន្តបង្ហូរចូលទៅក្នុងអូរធម្មជាតិ ដែលនៅក្រោយស្នាក់ការក្រុម ហ៊ុននិងបញ្ហាក្លិនស្អុយ ដែលកើតចេញពីក្លិនជ័រកៅស៊ូនៅតែបន្តកើតមានដដែល។ ប្រជាពលរដ្ឋរស់នៅជិត ខាងស្នើសុំឲ្យស្ថាប័នជំនាញ ជាពិសេសមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ពិនិត្យមើលករណីនេះឲ្យបានម៉ត់ចត់មិនមែនមកមើលហើយដែលចេញទៅវិញដោយមិនខ្វល់អំពីបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋនោះទេ៕