សង្គម

ដួលរលំដើមឈើ នៅខាងមុខខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ ស្លាប់មនុស្សម្នាក់ និង​របួស៣នាក់

កាលពីវេលាម៉ោង​ប្រមាណ៥ និង​៣០នាទីល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ភ្លៀងលាយឡំជាមួយ​ខ្យល់កន្រ្តាក់ បាន​បណ្តាល​ឱ្យ​បាក់ដើម​ឈើ​មួយ​ដើមធំ​ស្ថិត​នៅ​ខាងមុខ​ខ្លោងទ្វារទន្លេ​អុំ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ម្នាក់ និង​របួស៣នាក់។

លោក លី វណ្ណៈ អ្នកនាំពាក្យ​សាលា​ខេត្ត​សៀមរាប បាន​ឱ្យដឹងថា ដើមឈើនោះ បាន​បាក់សង្កត់ទៅ​លើកង់បី​ដែលមានអ្នកទេសចរជនជាតិខ្មែរ កំពុងជិះដើរកម្សាន្តនៅ​រមណីយដ្ឋានអង្គរ ។ ក្រៅពីនេះ ក៏បានធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់រូបចម្លាក់​នៅអម​ស្ពានទន្លេ​អុំផងដែរ។

លោកបានបង្ហាញការសោកស្ដាយចំពោះឧបទ្ទវហេតុនេះ ខណៈអាជ្ញាធរបានរៀបចំបញ្ជូនសពជនរងគ្រោះត្រឡប់ទៅផ្ទះវិញនៅខេត្តតាកែវ។

ចំពោះឧបទ្ទវហេតុនេះ អាជ្ញាធរជាតិអប្សរា ក៏​បានសម្តែង​ក្តីរន្ធត់ និង​ការ​សោកស្តាយដែរ។ ហើយ​ដើមឈើដែល​បានដួរលំនោះ ត្រូវ​បានអាជ្ញាធរ​ដកចេញរួចរាល់​នៅ​វេលាម៉ោង​ប្រមាណជាង ១២យប់ឈាម​ចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៤៕