ព័ត៌មានជាតិ

មន្រ្តីរាជការ ៨៩នាក់ត្រូវ​បណ្តេញ​ចេញពីក្របខណ្ឌរដ្ឋ ក្រោយ​រកឃើញ​សារធាតុញៀន

ក្នុង​យុទ្ធនាការ​ធ្វើតេស្ត​រកសារធាតុញៀន​លើ​មន្រ្តីរាជការ​ស៊ីវិល និង​កម្លាំង​ប្រដាប់អាវុធជិត១០ម៉ឺននាក់នៅទូទាំង​ប្រទេស​កាលពីពេលថ្មីៗនេះ គេ​បានរកឃើញ​មន្រ្តីរាជការសរុប​ចំនួន៩៧នាក់មានសារធាតុញៀនក្នុងខ្លួន ហើយ​ក្នុងនោះ ៨៩នាក់ត្រូវ​បានបណ្តេញ​ចេញពីក្របខណ្ឌរដ្ឋ។

លោកឧត្តម​សេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការ​ដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការ​ធ្វើ​តេស្ត​រហ័ស​រក​សារធាតុ​ញៀន​តាម​រយៈទឹក​មូត្រ​អនុវត្ត​លើ​មន្រ្តី​រាជការ​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មាន​ចំនួន ៩៩ ៣០០​នៅ​ទូទាំង​ប្រទេស បាន​រក​ឃើញ​អ្នក​ប្រើប្រាស់​សារធាតុ​ញៀន​ដែល​ហាម​ឃាត់​ចំនួន ៩៧​នាក់។ ក្នុង​ចំណោម ៩៧​នាក់​នេះ គឺ​មាន ៨៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​រួច​ហើយ នៅ​សល់ ៧​នាក់​កំពុង​តែ​បន្ត​នីតិវិធី និង​ម្នាក់​ផ្សេង​ទៀត​កំពុង​តែ​ធ្វើ​ការ​តាមដាន។

ការ​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​តាម​បទ​បញ្ជា​លេខ ០១ របស់​រដ្ឋាភិបាល​ចុះថ្ងៃ​ទី២០ ​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ស្តីពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ, មន្ត្រី​រាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ យោធិន ព្រម​ទាំង​មន្ត្រី​ជាប់​កិច្ច​សន្យា។

បើតាមលោកឧត្តម​សេនីយ៍ មាស វីរិទ្ធ បញ្ហា​ចរាចរណ៍​គ្រឿង​ញៀន​ខុស​ច្បាប់​ឆ្លងដែន និង​ការ​បោស​សម្អាត​បញ្ហា​គ្រឿង​ញៀន​ក្នុង​ស្ថាប័ន​រដ្ឋ គឺ​រាជរដ្ឋាភិបាល​កំពុង​តែ​ដាក់​វិធានការណ៍​តឹង​រឹង​បំផុត​ចំពោះ​មន្ត្រី​ណា​ដែល​ពាក់​ព័ន្ធ​គ្រឿង​ញៀន។ ករណី​ជួញដូរ​គ្រឿង​ញៀន ដែល​ប្រព្រឹត្ត​ដោយ​មន្រ្តី​រាជការ​សាធារណៈ​គឺ​ត្រូវ​បាន​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺង​មាត់ ត្រឹមត្រូវ​ហើយ​មាន​ស្ថានទម្ងន់​ទោស​ទៀត​ផង ពិសេស​គឺ​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ។

លោកឧត្តមសេនីយ៍​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ចំនួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បនេះ​មាន​មិន​លើស​ពី​ ៣ ទៅ​ ៤​ម៉ឺន​នាក់​នោះ​ទេ។ ក្នុង​នោះ ភាគ​ច្រើន​ប្រមាណ​ជា ៨០​ភាគរយ​ មាន​អាយុ​ចន្លោះ​ពី ១៨ ទៅ ៣៥ឆ្នាំ ដែល​​ជា​ក្រុម​យុវជន។ លើស​ពី​នោះ​ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ ក៏​មាន​ស្រ្តី​ក្រោម ១០​ភាគរយ​ផងដែរ។

ដើម្បី​ទប់ស្កាត់​ក្រុម​យុវជន​កុំឱ្យ​ធ្លាក់​ខ្លួន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀនេះ អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​ញៀន និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់ ពី​គ្រោះថ្នាក់​គ្រឿងញៀន ​និង​ពី​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ផងដែរ។ ក្នុង​រយៈពេល​ឆមាស​ទី១ នៃ​ឆ្នាំ ២០២៤​នេះ ពរលដ្ឋ​ប្រមាណ​ជា ១៦​លាន​នាក់ ដែល​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿង​ញៀន​នេះ៕