ព័ត៌មានជាតិ

ឧត្តមសេនីយ៍ ឈុំ សុជាត ៖ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរ អំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង

អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ឈុំ សុជាត បានសរសេរនៅលើបណ្តាញ សង្គមនៅថ្ងៃទី២២ កក្កដា នេះថា « តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រយោធា Z9 រយៈពេលជាច្រើនថ្ងៃមកនេះ មានកម្លាំងចម្រុះថ្មើរជើងជិត៩០០នាក់ដែលបានដាក់ពង្រាយដើម្បីស្វែងរក ប៉ុន្តែការរុករកបានប្រឈមនឹងក្តីលំបាកយ៉ាងខ្លាំងដោយសារបញ្ហាអាកាសធាតុ ។ ប្រតិបត្តការរុករកនេះ ត្រូវបានធ្វើតាមរយៈកម្លាំងជើងអាកាសផងដែរ ប៉ុន្តែការហោះហើរតាម ឧទ្ធម្ភាគចក្រនោះ ក៏មិនអាចធ្វើបានទៀត ដោយសារតែអាកាសធាតុមិនអំណោយផល ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានថ្លែងថា« នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ » ។

ការរុករកឧទ្ធម្ភាគចក្រ Z9 មានរយៈពេល១០ថ្ងៃមកហើយប៉ុន្តែគេនៅតែមិនទាន់ទទួលបានតម្រុយ ឬ សញ្ញាណាមួយពិដានរបស់ឧទ្ធម្ភាគចក្រយោធាដែលបាត់នោះ និងមនុស្ស២នាក់បាត់ខ្លួន គឺលោក ស៊ុន ផ្លា ដែលជា ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធដែលជាអាកាសយានិក នោះឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា កងកម្លាំងទាំងអស់បានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ដែលបានបាត់ដំណឹងក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរបងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ៕