យុទ្ឋនាការរាវរកកប៉ាល់ដឹកទូកុងតតឺន័ររបស់ប្រទេសថៃដែលលិចក្នុងសមុទ្រខេត្តកោះកុង កំពុងតែប្រតិបត្តិការ ចាប់តាំងពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤មកម្ល៉េះ ដោយក្រុមហ៊ុនថៃមួយឈ្មោះ CMP។
តាមការអះអាងរបស់តំណាងក្រុមហ៊ុនថៃ ការរុករកនៅក្នុងបាតសមុទ្រគឺ គេបានរកឃើញដោយប្រព័ន្ឋ GPS នូវទីតាំងកប៉ាល់ និងទូកុងតឺន័រផ្ទុកទំនិញ ដែលលិចទាំង៥៣ទូរួចអស់ហើយ និងចាប់ពីថ្ងៃទី១៦ កក្កដា រហូតទៅ គេកំពុងបន្តបេសកកម្មមុជចុះទៅបាតសមុទ្រ ចងទូកុងតឺន័រដើម្បីស្ទូចឡើងទាំងអស់ ។
ចំពោះតួកប៉ាល់ គេគ្រោងនឹងប្រើពោងសាឡង់បណ្តែតឡើង ប៉ុន្តែមិនអាចកំណត់ពេលវេលាបានឡើយ ។
សូមរំលឹកថា កប៉ាល់មួយគ្រឿងដែលមានផ្ទុកទូកុងតឺន័រចំនួន៥៣ទូ ត្រូវបានលិចដោយសាររលកសមុទ្រ គឺជាកប៉ាល់ដឹកទំនិញពីប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានជួបនឹងខ្យល់ព្យុះរលកខ្ពស់ៗត្រង់ចំណុចចន្លោះកោះម្នាស់ និងកោះរ៉ុង ស្ថិតក្នុងទឹកដីខេត្តកោះកុង៕