ព័ត៌មានជាតិ

អាជ្ញាធរខេត្តកណ្តាល អនុវត្តការរុះរើប៉ាណូ និង​ផ្ទាំង​ផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ

រដ្ឋបាលខេត្តកណ្តាលបានដាក់ចេញនូវឱសានុវាទត្រឹម​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឱ្យម្ចាស់ក្រុមហ៊ុនស្រាបៀរ និង​ម្ចាស់អាជីេះកម្ម សេវាកម្មផ្សាយពាណិជ្ជកម្មទាំងអស់ ធ្វើការរុះរើចេញនូវផ្ទាំងប៉ាណូ​ផ្សព្វផ្សាយ​ស្រាបៀរឱ្យ​អស់ពីកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិ​សាស្រ្តខេត្តកណ្តាល ត្រង់​ចំណុចចាប់ពី​ព្រំប្រទល់​រាជធានីភ្នំពេញ រហូត​ដល់ព្រំប្រទល់​ខេត្តព្រៃវែង។

ក្នុងសេចក្តីជូនដំណឹង​ដែលចុះហត្ថលេខាដោយ​ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្តកណ្តាល បាន​បញ្ជាក់ថា ផ្ទាំងផ្សាយ​ពាណិជ្ជកម្ម​ស្របៀរ ពុំ​មានច្បាប់អនុញ្ញាត ពុំ​មានសណ្តាប់ធ្នាប់ និង​របៀបរៀបរយត្រឹមត្រូវ បានធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់សណ្តាប់ធ្នាប់ សោភ័ណភាព​សាធារណៈ និង​អាច​បង្ក​ឱ្យមានគ្រោះថ្នាក់​ចរាចរណ៍​តាមដងផ្លូវ។

យ៉ាងណាក៏ដោយ ក្នុងករណីយឺតយ៉ាវ ឬមិន​បានអនុវត្ត​តាមការ​ជូនដំណឹង ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្ត នឹង​ធ្វើ​ការ​រុះរើ​ប៉ាណូ និងផ្ទាំងផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀរ​គ្រប់ប្រភេទក្នុងភូមិសាស្រ្តខាងលើ និង​ចាត់វិធានការ​ច្បាប់។