សង្គម

យោធាជើងខ្លាំងកាន់AK ទៅគំរាមកំហែងពលរដ្ឋ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនដល់តុលាការ!

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩ និង ៣២នាទី មានករណីបុរសម្នាក់បានប្រើប្រាស់កាំភ្លើង ០១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសនោះយកមកសួរនាំ។

ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ មានមុខរបរ ជាយោធា បានសារភាពថា មូលហេតុដែលខ្លួន យកកាំភ្លើង ០១ដើម ម៉ាក AK47 គំរាមកំហែង ជនរងគ្រោះ នៅទីតាំងខាងលើ គឺដោយសារជនរងគ្រោះ បានចោទមកលើខ្លួនថាបានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ ហើយខ្លួនក៏ណាត់ជនរងគ្រោះដើម្បីដោះស្រាយការយល់ច្រលំ តែដោយជនរងគ្រោះមានបក្ខពួក ៤ទៅ៥នាក់ មកព័ទ្ធជុំវិញខ្លួន និងឃើញមានម្នាក់សៀតវត្ថុរឹងនៅនឹងចង្កេះផងទើបខ្លួនរត់ទៅយកកាំភ្លើងចេញពីក្នុងឡានដើម្បីគំរាមពួកនោះឲ្យចេញឆ្ងាយពីខ្លួនតែម្តងទៅ។ ចំណែកប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ច ថាខ្លួនពុំមានទំនាក់ទំនងអ្វីស៊ីជម្រៅជាមួយជនសង្ស័យទេ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕