អស់រយ:ពេលច្រើនថ្ងៃមកហើយ ដែលប្រជាពលរដ្ឋជា ច្រើននាក់ រស់នៅក្នុងភូមិបាក់ចិញ្ចៀន និងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ បន្តប្រមូលគ្នាតវ៉ានៅមុខផ្លូវ ចូលកន្លែងសាងសង់រោងចក្រសុំឲ្យថៅកែចិននិងលោក អុី លាងអេង បើកលុយថ្លៃទិញដីឲ្យពួកគាត់។ ពេលនេះប្រជាពលរដ្ឋស្នើសុំឲ្យលោកឧត្តមសនីយ៍អគ្គនាយកនៃអគ្គនាយកដ្ឋានសំភារ:បច្ចេកទេសក្រសួងការពារជាតិជួយអន្តរាគមន៍ រឿងលោកវរសេនីយ៍ទោ អុី លាងអេង មានបំណងចង់សុីដាច់លុយថ្លៃដីសរុបជាង២លានដុល្លាររបស់ពួកគាត់ដែលបានលក់ឲ្យថៅកែចិនសាង សង់រោងចក្រនេះផង។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា ការមកប្រមូលផ្ដុំគ្នានេះក្នុងគោលបំណងស្នើសុំឲ្យថៅកែជនជាតិចិន និង លោក អុី លាងអេង បើកលុយថ្លៃដីរបស់ពួកគាត់ តាមការសន្យា និងគ្រប់ចំនួន។ ព្រោះពេលនេះ លុយថ្លៃដីរបស់ពួកគាត់ដែលឈ្មោះ អុី លាងអេង បើកពីថៅកែជនជាតិចិនបានហើយ ប៉ុន្តែ មិនបើកលុយនោះមកឲ្យពួកគាត់ជាម្ចាស់ដីស្របច្បាប់តាមការសន្យាទេ ហើយប្លង់ក៏រត់ការផ្ទេរឈ្មោះទៅក្រុមហ៊ុនជិតអស់ហើយដែរ។
ប្រជាពលរដ្ឋឈ្មោះ ណាំ ប៊ុនធឿន ភេទប្រុសអាយុ៦១ ឆ្នំា រស់នៅភូមិអូរក្រាំងអំបិល ត្រពាំងគង ស្រុកសំរោងបទង ខេត្តកំពង់ស្ពឺ បាននិយាយឱ្យអ្នកយកព័ត៌មានដឹងថា បានជាប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាមកតវ៉ានៅមុខក្រុម ហ៊ុនជាលើកទី៣នេះ គឺដើម្បីទាមលុយរបស់ពួកគាត់ចំនួន៦៣គ្រួសារ ដែលអ្នកទិញដីពីគាត់់ ប្រមូលទាំងប្លង់ដីដោយសន្យាថាក្នុងខែមិថុនាកន្លងទៅនេះ ប្រគល់លុយគ្រប់ចំនួន ប៉ុន្តែរហូតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះហើយពួកគាត់មិនទាន់ទទួលបានលុយគ្រប់ចំនួននៅឡើយទេ។ ហេតុដូច្នេះ ទើបពួកគាត់នាំគ្នាមកធ្វើការតវ៉ាដើម្បីទាមទារលុយរបស់គាត់ គ្រប់ចំនួនគឺចប់រឿងហើយ។
ជាក់ស្ដែងកាលពីអំឡុងពួកគាត់នាំគ្នាតវ៉ាអាជ្ញាធរ ស្រុកសំរោងទងបានប្រាប់ថានៅថ្ងៃទី១៩ នេះឲ្យទៅជួបជុំគ្នាជាមួយភាគីលោកអ៊ី លាងអេង ដើម្បីរកដំណោះស្រាយក៏ប៉ុន្តែតំណាងប្រជាពលរដ្ឋ និងពលរដ្ឋបានទៅដល់សាលាឃុំ តែភាគីលក់អ៊ី លាងអេងពុំបានចូលខ្លួនមកដោះស្រាយឡើយ។
លោកតា នូ សុខស៊ីន អាយុ៧៤ឆ្នាំ រស់ នៅក្នុងភូមិបាក់ ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង បានលើកឡើងថា គាត់មានដីតែមួយកន្លែងនឹងទេ ហើយបានលក់ គេយកប្លង់ទៅហើយ។ ពេលនេះជនជាតិចិនបានសាង សង់អគាររោងចក្រយ៉ាងធំ ប៉ុន្តែគាត់មិនទាន់ទទួលបានលុយគ្រប់ចំនួននៅឡើយទេ។ គាត់មិនដឹងថា តើលុយដែលមិនទាន់ទទួលបានគ្រប់ចំនួននេះ ថៅកែជនជាតិចិនមិនទាន់ប្រគល់ឱ្យ ឬ មួយក៏អ្នកណាមួយមិនប្រគល់ឱ្យគាត់នោះទេ។ លុយរបស់គាត់ដែលនៅសល់នោះជាង ២ម៉ឺនដុល្លារ ប្រសិនបើមិនមានដំណោះស្រាយណាមួយជូនប្រជាពលរដ្ឋទេនោះ ពួកគាត់នឹងបន្តតវ៉ានៅការដ្ឋាននេះ ដើម្បីស្នើឲ្យមានដំណោះស្រាយ យកតែលុយគាត់គ្រប់ចំនួនតែប៉ុណ្ណោះ។
ដោយឡែក ស្ត្រីវ័យចំណាស់ឈ្មោះភួង ស្រីម៉ៅ អាយុ ៦៦ឆ្នាំ រស់នៅក្នុងភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង លើកឡើងស្រដៀងគ្នាថា ពួកគាត់ជាម្ចាស់ដី សុំឱ្យថៅកែជនជាតិចិន និងលោកអុី លាងអេង ប្រគល់លុយថ្លៃដីដែលទិញពីពួកគាត់ជាប្រជាពលរដ្ឋ ប្រគល់មកឱ្យគ្រប់ចំនួនតាមការសន្យាគឺមិនមានរឿងអ្វីកើតឡើងនោះទេ។ លុយរបស់គាត់ដែលគេត្រូវប្រគល់នោះ នៅប្រហែលជាង២ម៉ឺនដុល្លារអាមេរិកទៀត។ ប្រសិនបើមិនមានដំណោះស្រាយ យកលុយប្រគល់ឱ្យប្រជាពលរដ្ឋ គ្រប់ចំនួនទេនោះពួកគាត់ នឹងបន្តនាំគ្នាមកធ្វើការតវ៉ានៅមុខរោងចក្រនេះ ដើម្បីស្នើសុំឲ្យមានដំណោះស្រាយ។
ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធនានា និងសូមឲ្យលោក ចៅ ភាររឹទ្ឋ អគ្គនាយក នៃអគ្កនាយកដ្ឋានសំភារ:បច្ចេកទេសរួមទាំងលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ដោះស្រាយ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ម្ចាស់ដីទាំង៦៣គ្រួសារ ដែលលោកវរសេនីយ៍ទោ អុី លាងអេង អត្តលេខ 186454 មុខងារ ជំនួយការ អង្គភាព អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិមិនទាន់ប្រគល់លុយគ្រប់ នៅក្នុងភូមិអូរក្រាំងអំបិល និងភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺផង ព្រោះពេលនេះលោក អុី លាងអេង ជាមន្ត្រីយោធារូបនេះ យកលុយពីជនជាតិចិនគ្រប់ហើយ មិនព្រមប្រគល់ឱ្យប្រជាពលរដ្ឋ គ្រប់ចំនួនឡើយ។បើសរុបជាង៦០គ្រួសារនេះ នៅសល់លុយជាង២លានដុល្លារសហរដ្ឋអាមេរិកទៀត ហើយរោងចក្រសាងសង់ជិតរួចរាល់ហើយ។
បើយោងតាមប្រភពដែលស្និតជាមួយភាគីខាងរោងចក្របានបង្ហើបប្រាប់ថា លុយ២លាន១៧មុឺនដុល្លារគឺខាងថៅកែរោងចក្របានបើកទៅឲ្យលោកអុី លាងអេង អស់ ហើយ។ ក៏ប៉ុន្តែមិនដឹងថា មូលហេតុអ្វីនោះទេទើបលោកអុី លាងអេងមិនព្រមបើកជូនប្រជាពលរដ្ឋដែលជាម្ចាស់ ដីនិងអ្នកតំណាង។
ប្រជាពលរដ្ឋសង្ឃឹមមុតមាំថា អាជ្ញាធរឈរលើគោល ការណ៍កណ្តាល ដោយមិនកៀបសង្កត់លើប្រជាពលរដ្ឋនិងស្នើសុំទំលាក់លុយតាមកិច្ចសន្យា ដើម្បីឱ្យបានលុយដល់ដៃប្រជាពលរដ្ឋ គ្រប់គ្នានិងគ្រប់ចំនួនផងដែរ។
គួររំលឹកថា ប្រជាពលរដ្ឋជាច្រើននាក់នៅរសៀលថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នាំគ្នាមកប្រមូលផ្តុំនៅមុខការដ្ឋានសាងសង់រោងចក្រយីហោ ជានយូលានខនស្រ្កាក់សិន (ខេមបូឌា)ឯ.ក របស់សម្ព័ន្ឋក្រុមហ៊ុនសាងសង់ហុឹងចូវ ជាលើកទី២ ដើម្បីទាមទារលុយថ្លៃដីរបស់ពួក គាត់ ពីថៅកែចិន និងលោក អុី លាងអេង ដែលជាយូរខែមកហើយ មិនទាន់ឱ្យលុយគ្រប់ចំនួន។
ពាក់ព័ន្ធនិងប្រភពខាងលើនេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់បកស្រាយពីលោកអ៊ីលាងអេងបានឡើយដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕