សង្គម

ទ្រព្យសម្បត្តិមួយចំនួនរបស់ជនល្មើសជាឃាតករអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានរឹបអូស

ភ្នំពេញ៖ ទ្រព្យសម្បត្តិមួយចំនួនរបស់ជនជាឃាតករអតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានតុលាការស្នើសុំរឹប អូសជាបណ្ដោះអាសន្ន។ ជាមួយគ្នានេះដែរក្រុមគ្រួសារជនរងគ្រោះ ដោយការបាញ់ប្រហារពីឧក្រិដ្ឋជនស្រី ស៊ីណា នៅរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានចូលបំភ្លឺបន្ថែមទៀត ជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានអមការពារពី មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន៤រូប។

ក្រុម​មេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាមួយគ្នានេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរផងដែរ។

ទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជនស្រី ស៊ីណា ត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាស​ន្ន ដោយក្នុងនោះ មានដូចជា៖

* រថយន្តម៉ាក SSAMYONG REXTON ផ្លាកលេខ ភ្នំពេញ 2BL-9923

* ដីក្បាលដីលេខ ១២០៧១២០៣-១០០៩ មានទីតាំងស្ថិតនៅភូមិ ខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

* ដីក្បាលដីលេខ ០៨០៨០៩២៤-១០២ មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល

* ដីចំការស្ថិតនៅភូមិបាសិត សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

* ផ្ទះលេខ២៤ ផ្លូវP10F បុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

* ផ្សារបឹងសាឡាងថ្មី ផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់សរុបចំនួន៤បទល្មើស ក្នុងនោះគ្រាដំបូងមានបទឃាតកម្ម បទប៉ុនប៉ងឃាតកម្ម និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ក្នុងសំណុំរឿង ២ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ថនឹងករណីបាញ់សម្លាប់មនុស្ស២នាក់ ជាគូដណ្តឹងនឹងគ្នា និងបាញ់មនុស្ស២នាក់ទៀតឱ្យរបួស។ ក្រោយមក តុលាការបានបន្តចោទប្រកាន់បន្ថែម ១ករណីទៀតនោះគឺបទ«រំលោភលើលំនៅដ្ឋាន»។

ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីមានទំនាស់ពាក្យសម្តី ក្នុងនោះឧក្រិដ្ឋជន ដែលចូលទៅក្នុងលំនៅដ្ឋានជនរងគ្រោះ បានបាញ់ប្រហារលើមនុស្ស៤នាក់ ជរួមមាន៖ ឈ្មោះ ឡុង លីសុង អាយុ២៧ ឆ្នាំ (ស្លាប់), ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់), សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួស) និង ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)៕