ក្រុមមន្ត្រីបរិស្ថាននៃដែនជម្រកសត្វព្រៃភ្នំព្រិច ជា ពិសេសនៅស្នាក់ការរងមេម៉ង់ កំពុងត្រូវប៉ាន់យ៉ាងសម្បើមតាមរយៈការឃុបឃិតឲ្យចែបូរដឹកឈើចេញពីដែនសមត្ថកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃតាមរយៈរថយន្ត ធុនត្រានិងរថយន្តឡិចស៊ីស 470។ មេបរិស្ថានបណ្ដោះ អាសន្នប្រចាំខេត្តមណ្ឌលគិរី លោករត្ន សុវណ្ណ ត្រូវរ៉ូវជាមួយនាយកដែនជម្រកសត្វព្រៃភ្នំព្រិច លោកព្រហ្មវិបុលរតនៈ និងមេស្នាក់ការរងបរិស្ថានមេម៉ង់លោក សោម វិសាល គប់គិតគ្នាដើម្បីស្វែងរកប្រយោជន៍នៅគ្រាដែលលោករត្ឋ សុវណ្ណ ក្លាយជាប្រធានមន្ទីរបរិស្ថានស្ដីទីនៃខេត្តមណ្ឌលគិរី។
ប្រភពព័ត៌មានបានរាយការណ៍ថា ឈ្មួញឈើដែលគេស្គាល់ត្រឹមតែឈ្មោះចែបូរ បើកសិប្បកម្មកែឆ្នៃឈើដោយ ខុសច្បាប់ បានជះលុយជាច្រើនឱ្យកម្មករចូលទៅកាប់ឈើហើយដឹកចេញពីព្រៃ ក្នុងដែនបរិស្ថានមេម៉ង់ដឹកចូលសិប្បកម្មកែឆ្នៃឈើលក់ខុសច្បាប់។ ឈ្មួញឈើចែបូរ ត្រូវបានគេឃើញនៅតែមមាញឹកក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងសកម្មពីតំបន់អភិរក្សមេម៉ង់ នៃដែនជម្រកព្រៃភ្នំព្រិចស្ថិតក្នុង ស្រុកកែវសីមា ចូលទៅក្នុងទីរួមខេត្តមណ្ឌលគិរីជារៀងរាល់ថ្ងៃ តាមរយៈររថយន្តធុនត្រា ជាច្រើនគ្រឿង និងលុចស៊ីសស៤៧០ចំនួន២គ្រឿងដែលមានពណ៌សនិងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB.4126 ជាដើម។
លោក អ៊ូ ភ័ក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បន្ទាប់ពីក្រុមអ្នកកាសែតជាច្រើនរូបបានឈរថតរូបភាពតាមចិញ្ចើមផ្លូវលំមួយខ្សែរ ចេញពីឃុំមេម៉ង់ស្រុកកែវសីមា ភ្ជាប់មកទីរួមខេត្តមណ្ឌលគិរីបានឱ្យមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃ ចុះត្រួតពិនិត្យនៅតំបន់ដែលរថយន្តលុចស៊ីសដឹកឈើពីមេម៉ង់ចូលទីតាំងស្តុកបទល្មើសព្រៃឈើនៅក្បែរបងវត្តដំណាក់ស្តេចនៅក្នុងក្រុងសែន មនោរម្យ។ សមត្ថកិច្ចព្រៃឈើ ដែលចុះមកត្រួតពិនិត្យទីតាំងស្តុកឈើចំណុចក្បែរបងវត្តដំណាក់ស្តេចខាងលើនេះ។ ក្រោយពីមន្ត្រីចុះត្រួតពិនិត្យ ឈ្មួញឈើរូបនេះមិន ខ្ចីខ្វល់នឹងមើលមុខសមត្ថកិច្ចនោះឡើយហើយបានបិទទ្វារបងផ្ទះហើយបើករថយន្តចាកចេញបាត់តែម្តង។
ប្រភពបានរាយការណ៍ថាសកម្មភាពរបស់ ហាក់ដូចជារំជើបរំជួលខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ តាម រយៈការបើកដៃរបស់ពួកមន្ត្រីបរិស្ថាន នៃដែនជម្រកសត្វ ព្រៃភ្នំព្រិច ជាពិសេសនៅស្នាក់ការរងមេម៉ង់នោះតែម្ដង។ ក្រុមអ្នកកាសែតបាននិយាយថា មិនបាច់សួរលោកព្រហ្មវិបុល រតនៈ ឬលោកសោម វិសាលទេ ព្រោះពេលណាក៏លោកឆ្លើយថាមិនដឹងដែរ។ យ៉ាងណា ក៏ដោយ វានៅតែជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថាន ដែលពេលនេះក្រោមចំណាត់ការរបស់លោក រត្ឋ សុវណ្ណ។ លោករត្ឋ សុវណ្ណ ទំនងជាបត់ដុំដៃ,ញាក់ភ្នែកឱ្យកូនចៅនៅក្រោមឱវាទតួយ៉ាងដូចជាលោកព្រហ្មវិបុលរតនៈនិងលោកសោម វិសាល សហការជាមួយចែបូរដើម្បីស្វែងរកផលប្រយោជន៍មុនប្រធានមន្ទីរបរិស្ថានថ្មីមកដល់។
ករណីដឹកជញ្ជូនឈើចេញពីក្បែរៗស្នាក់ការរងបរិស្ថានមេម៉ង់ ស្រុកកែវសីមា ចូលមកក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ប្រជាពរដ្ឋស្នើរសុំឱ្យលោកឧត្តម សេនីយ៍ត្រីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ក៏ដូចជាលោកស្នងការនគរបាលខេត្ត មេត្តាជួយទប់ ស្កាត់និងបង្ក្រាបករណីរថយន្តដឹកឈើរបស់ឈ្មួញឈ្មោះ បូរ ជាឈ្មួញចាស់វស្សាដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើតាមរយៈរថយន្តសេរីទំនើបម៉ាក ធុនត្រា និងលុចស៊ីស470 ពណ៌សនិងពណ៌ខ្មៅ ចេញពីមេម៉ង់យកមកលាក់ទុកនៅក្រុងសែនមនោរម្យមុនលក់បន្តទៅប្រទសវៀតណាមនោះផង៕