ក្រុមបច្ចេកទេសនៃអង្គការអភិរក្សសមុទ្រកម្ពុជា ហៅកាត់ថា MCC បានប្រកាសពីដំណឹងរីករាយមួយ ក្រោយក្រុមខ្លួនបានប្រទះឃើញវត្តមានជ្រូកទឹក ជាប្រភេទងាយរងគ្រោះលើពិភពលោកក្នុងដែនសមុទ្រកម្ពុជា ខេត្តកំពត។ នេះបើតាមការបញ្ជាក់របស់អង្គការអភិរក្សសមុទ្រកម្ពុជា កាលពីថ្ងៃទី១៤កក្កដា ឆ្នាំ២០២៤។
អង្គការអភិរក្សសមុទ្រកម្ពុជា បង្ហាញថា៖«យើងមានសេចក្ដីរំភើបរីករាយក្នុងការចែករំលែកព័ត៌មានមួយនេះទៅកាន់អ្នកស្រឡាញ់ធម្មជាតិ នេះជាវីដេអូជ្រូកទឹកនៅក្នុងសមុទ្រខេត្តកំពត ក្នុងអំឡុងពេលនៃការសិក្សារស្រាវជ្រាវថនិកសត្វសមុទ្ររបស់យើងកាលពីសប្តាហ៍ទី១ ក្នុងខែកក្កដា ឆ្នាំ២០២៤»។ សត្វសមុទ្រដ៏កម្រមួយនេះ គឺជាសញ្ញាបង្ហាញថាជីវចម្រុះសមុទ្រមានភាពល្អប្រសើរ និងជាប្រភេទសត្វដែលងាយរងគ្រោះ។ របកគំហើញនេះមិនត្រឹមតែជាលើកទីមួយសម្រាប់តំបន់របស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបោះជំហានទៅមុខដ៏សំខាន់សម្រាប់ការស្រាវជ្រាវ និងអភិរក្សថនិកសត្វសមុទ្រដ៏អស្ចារ្យទាំងនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងការប្រកាសពីវត្តមានសត្វប្រភេទងាយរងគ្រោះលើពិភពលោកនៅខេត្តកំពតនេះ អង្គការអភិរក្សសមុទ្រកម្ពុជា បង្ហាញនៅក្ដីសង្ឃឹមថា ពលរដ្ឋគ្រប់រូបរួមគ្នាការពារដល់ជ្រូកទឹកនេះ និងសត្វសមុទ្រផ្សេងទៀតឱ្យនៅតែបន្តមានវត្តមាននៅក្នុងសមុទ្ររបស់យើង។
គួរជម្រាបថា ជ្រូកទឹកជាប្រភេទមានដោយកម្រ និងបានចុះបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះលើពិភពលោក ប្រភេទនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញា សាយតេស។ ជ្រូកទឹក មានទំហំធំប្រហាក់ប្រហែលនឹងផ្សោតដែរ ប៉ុន្តែវាធាត់ជាងហើយមានភ្លុក២ ដូចដំរី ដែលដុះចេញពីអញ្ចាញធ្មេញ និងមានព្រុយចំហៀងធំរាងដូចច្រវាទូក។ វាមានស្បែករលោងពណ៌ត្នោត ឬប្រផេះក្រម៉ៅ និងដុះរោមមួយ។ រន្ធច្រមុះស្ថិតនៅទីតាំងចុងច្រមុះ ហើយមានសន្ទះគ្របសម្រាប់បិទនៅពេលវាមុជទៅក្នុងទឹក។ គេសន្និដ្ឋានថា ខ្លួនវាពេលដែលទើបកើតមានប្រវែង១ទៅ១,៥ម៉ែត្រ ហើយមានទម្ងន់២៥ទៅ៣៥គីឡូក្រាម។ ដោយឡែក នៅពេលពេញវ័យវាអាចមានប្រវែងពី៣,៣ទៅ៤,១ម៉ែត្រ និងទម្ងន់១ពាន់គីឡូក្រាម៕