អន្តរជាតិ

លោក ដូណាល់ ត្រាំ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារចំត្រចៀកខាងស្តាំ អំឡុង​​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​បោះឆ្នោត

លោក ដូណាល់ ត្រាំ ត្រូវ​ខ្មាន់កាំភ្លើងបាញ់​ប្រហារចំ​ត្រចៀក​ខាង​ស្តាំ ​ក្នុង​អំឡុង​ពេល​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​ក្នុង​ក្រុង Butler រដ្ឋផេនស៊ីលវ៉ានៀ ដែលបង្ក​ឱ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ។

ក្រោយកើតហេតុ ភ្នាក់ងារសម្ងាត់បានរាយការណ៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្មាន់កាំភ្លើងរូបនោះបាន​ស្លាប់ អ្នក​ចូល​រួម​ក្នុងការប្រមូលផ្តុំ​ម្នាក់​បាន​ស្លាប់ ខណៈ​អ្នក​ទស្សនា​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស។ សារព័ត៌មានរ៉យទ័រយោងតាមប្រភពដែលខ្លួនទទួលបានឱ្យដឹងថា ឧប្បត្តិហេតុនេះ កំពុងត្រូវបានស៊ើបអង្កេតថា ជាការប៉ុនប៉ងធ្វើឃាត។ អតីតប្រធានធិបតីវ័យ៧៨ឆ្នាំរូបនេះ ទើបតែចាប់ផ្តើមសុន្ទរកថារបស់ខ្លួន នៅពេលដែលការបាញ់ប្រហារបានផ្ទុះឡើង។ លោកបានឱនពួនយ៉ាង​លឿន​នៅ​ពី​ក្រោយវេទិកា​សុន្ទរកថា ខណៈ​អង្គរក្សរបស់​លោក​បានប្រញាប់ប្រញាល់​រត់​ទៅ​លើ​ឆាក បន្ទាប់មកពួកគេបានគ្រាលោក ត្រាំ ដែលមុខមានប្រលាក់ឈាម ចុះពីលើវេទិកា ហើយចូលទៅក្នុងរថយន្តរបស់ពួកគេ។ បន្ទាប់ពីការបាញ់ប្រហារលោក ត្រាំ បានបង្ហោះសារនៅលើវេទិកាសង្គម Truth Social របស់លោកថា៖«គ្រាប់កាំភ្លើងបាញ់ទម្លុះផ្នែកខាងលើនៃត្រចៀកខាងស្តាំរបស់ខ្ញុំ ដែលបង្កឱ្យមានការហូរឈាមជាច្រើន»។

អត្តសញ្ញាណ និង​ហេតុផល​របស់ខ្មាន់កាំភ្លើង​មិន​ទាន់ត្រូវបានបញ្ជាក់​ច្បាស់​លាស់​ភ្លាមៗ​ទេ ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ​ បាន​ថ្កោលទោស​អំពើ​ហិង្សា​នេះ​យ៉ាង​ឆាប់​រហ័ស។ ការបាញ់ប្រហារនេះ បានកើតឡើងតិចជាងបួនខែមុនការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា នៅពេលដែលលោក ត្រាំ ប្រឈមមុខនឹងប្រកួតប្រជែងជាថ្មីម្ដងទៀតជាមួយគូរប្រជែងចាស់ ពោលគឺប្រធានាធិបតីប្រជាធិបតេយ្យ ចូ បៃឌិន។ ការស្ទង់មតិភាគច្រើនបង្ហាញថា អ្នកទាំងពីរទទួលបានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។ ជុំវិញឧប្បត្តិហេតុនេះ លោក បៃឌិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាម៉េរិកមិនគួរមានអំពើហិង្សាបែបនេះទេ ហើយយើងត្រូវតែរួបរួមជាប្រទេសតែមួយ ដើម្បីថ្កោលទោសសកម្មនេះ»៕