ខេត្តកំពង់ចាម÷ សកម្មភាពដេញថ្លៃធ្វើផ្លូវ នៅក្នុងមូលដ្ឋានយ៉ាងហោច ណាស់ឃុំចំនួន៣ក្នុងស្រុកស្រីសន្ធរ កាលពីពេលថ្មីៗនេះត្រូវគេមើលឃើញថា ពោរពេញទៅដោយអំពើមិនប្រក្រតី ដែលប្រការនេះទាមទារឲ្យរដ្ឋបាលខេត្តកំពង់ចាមត្រូវត្រួតពិនិត្យឲ្យបានច្បាស់លាស់ ពីព្រោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនប្រាកដថា ល្ងង់ដូចដែលអាជ្ញាធរមូលដ្ឋាននិងពួកឈ្មួញថៅកែក្រុមហ៊ុន កំពុងប្រព្រឹត្តនោះទេ។ ប្រជាពលរដ្ឋមើលឃើញអំពើអំពើមិនប្រក្រតី ដូច្នេះគាត់ពិតជាអាក់អន់ស្រពន់ចិត្តជាមួយរាជរដ្ឋាភិបាល។
ជាក់ស្ដែង ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាឃុំទងត្រឡាចបានរៀបចំនៃការដេញថ្លៃផ្លូវ សម្រាប់ការបើកសំណើរដេញថ្លៃ គម្រោងចំនួន៣គម្រោងក្នុងឃុំចំនួន៣ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ គម្រោងនេះ ត្រូវបានដាក់ដេញថ្លៃ ហើយមានក្រុមហ៊ុនជាច្រើនបានដាក់ចូល រួមដេញថ្លៃ។ ឃុំទាំងបីដែលទទួលគម្រោងសម្រាប់ការអភិវឌ្ឍន៍រួមមាន÷
ទី១.ឃុំទងត្រឡាច៖ ប្រវែងផ្លូវ៤៣០ម៉ែត្រ តម្លៃទឹកប្រាក់ប៉ាន់ស្មាន ១៨២,៧៥០,០០០រៀល ក្រុមហ៊ុនដេញថ្លៃមានចំនួន៥ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលដេញបានតម្លៃទាបជាងគេអាចទទួលយកបានគឺ ក្រុមហ៊ុន កៅ ប៊ុនណាក់ ក្នុងតម្លៃទឹកប្រាក់ ១៧៩,០០០,០០០រៀល ។
ទី២.ឃុំខ្នារស៖ ប្រវែងផ្លូវ៤៥០ ម៉ែត្រ តម្លៃទឹកប្រាក់ប៉ាន់ស្មាន២០៦,១៤៦,៣១៩៛ ក្រុមហ៊ុនដេញថ្លៃមានចំនួន៤ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលដេញបានតម្លៃទាបជាងគេអាចទទួលយកបានគឺ ក្រុមហ៊ុន យ៉េន ស៊ីនួន ក្នុងតម្លៃទឹកប្រាក់ ៦៦,៥០០,០០០រៀល។
ទី៣.ឃុំប្រាំយ៉ាម៖ ប្រវែងផ្លូវ៥០០ម៉ែត្រ តម្លៃទឹកប្រាក់ប៉ាន់ស្មាន២៣៤,០១០,៣៥៩រៀល ក្រុមហ៊ុនដេញថ្លៃមានចំនួន៥ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលដេញបានតម្លៃទាបជាងគេអាចទទួលយកបានគឺ ក្រុមហ៊ុន ម៉ាន់ ម៉េងហេង ក្នុងតម្លៃទឹកប្រាក់ ២២៨,០០០,០០០រៀល។
ព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាឃុំទងត្រឡាចគេសង្កេតឃើញថា ការដេញថ្លៃគម្រោងធ្វើផ្លូវនេះមានភាពមិនប្រក្រតី ដោយក្រុមហ៊ុនជាច្រើន បានមកដាក់សំណើរ នៃការដេញថ្លៃ តែដល់ ពេលដាក់ដេញថ្លៃគឺមានតែ៤ទៅ៥ក្រុមហ៊ុនប៉ុណ្ណោះដែលបានដាក់ចូលដេញថ្លៃ ខណៈក្រុមហ៊ុនផ្សេងៗទៀតនោះមិនបានដាក់ដេញថ្លៃនោះទេ ដែលគេសង្ស័យថានិយាយត្រូវរ៉ូវគ្នា(គម្រោងមិនបែក)។
ប្រភពបានឲ្យដឹងថា នៅមុនពេលដេញថ្លៃមានក្រុមហ៊ុនដើរនិយាយថ្លៃជាមួយគ្នា។ ពេលចរចាត្រូវរ៉ូវគ្នាហើយនោះក្រុមហ៊ុនផ្សេងទៀត មិនដាក់ប៊ីតដេញថ្លៃទេដោយចាំទទួលតែផលប្រយោជន៍ពីក្រុមហ៊ុន ដែលដេញបានទទួលគម្រោងធ្វើផ្លូវខាងលើនេះតែម្តងប៉ុណ្ណោះ ។
គេសង្កេតឃើញថា មានតំណាងក្រុមហ៊ុន ២គឺបានដើរនិយាយចរចាថ្លៃតែមានក្រុមហ៊ុនម៉ាន់ ម៉េង ហេង និង ក្រុមហ៊ុន កៅ ប៊ុន ណាក់ ដែលបានចរចាគ្នាត្រូវរ៉ូវគ្នា ដែលគេហៅថាគម្រោងមិនបែក។ ម្យ៉ាងវិញទៀតតារាងដេញថ្លៃនោះមិនមានដាក់ទំហំកម្រាស់,ទំហំទទឹងប៉ុន្មាននោះទេ ដោយដាក់តែប្រវែងតែប៉ុណ្ណោះ ពោលគឺដេញថ្លៃសំណើរលំៗឲ្យតែបាន ។
ពាក់ព័ន្ធនឹងករណីនេះមហាជនលើកឡើងថា ទង្វើបែប នេះបានធ្វើឲ្យបាត់បង់ថវិកាជាតិដែលរាជរដ្ឋាភិបាលបានដាក់ឲ្យមក ដើម្បីឲ្យអភិវឌ្ឍន៍ភូមិឃុំ តែបែរជាបុគ្គលដែលមានច្បាប់ក្រុមហ៊ុនដេញថ្លៃមួយចំនួន ដើរខ្សឹប ខ្សៀវគ្នាយកថវិការដ្ឋ ហែកចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួនទៅវិញ ហេតុផលទាំងអស់ខាងលើនេះហើយ បានធ្វើឲ្យផ្លូវដែលគំរោងផ្លូវទាំងនោះ គ្មានគុណភាព។
ពាក់ព័ន្ធករណីនេះ ពលរដ្ឋសុំសំណូមប្រដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពុងចាម ក៏ដូចជាក្រសួងពាក់ព័ន្ធ មេតាស៊ើបអង្កេតករណីគំរោង នៃការដេញថ្លៃធ្វើផ្លូវខាងលើនេះផងទាន ដើម្បីឲ្យផ្លូវមានគុណភាព នឹងរក្សាថវិការបស់រដ្ឋក្នុងការអភិវឌ្ឍន៍ភូមិឃុំបន្តទៀត នឹងបញ្ចៀសរាល់ការធ្វើផ្លូវមិនមានគុណភាព៕