កោះកុង ÷សំណង់អត់ច្បាប់មួយកន្លែង ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ដែលគេបានស្គាល់ថា ម្ចាស់សំណង់ ឈ្មោះ លោកប៊ុន ប្រុស អធិការរងស្រុកបូទុមសាគរ បានសាងសង់រំលោភចូលចំណីព្រែក ដែលមិនមានច្បាប់អនុញ្ញាត បើទោះបីជាមានការចុះហាមឃាត់ជាច្រើនសារពីអាជ្ញាធរនិងជំនាញហើយក្តី ក៏លោកអធិការរងរូបនេះនៅបន្តសាងសង់បានជាបន្តបន្ទាប់ដោយពុំខ្វល់ខ្វាយពីច្បាប់អ្វីទាំងអស់ ។
បើតាមការលើកឡើងពីមន្ត្រីសាលាស្រុកម្នាក់ ដែលប្រាប់ក្នុងលក្ខន្ធមិនបញ្ចេញឈ្មោះ បានលើកឡើងថា រាល់សំណង់ដែលធ្វើការសាងសង់នៅលើចំណីព្រែក
គឺមិនអាចសាងសង់បាននោះទេ ហើយក៏មិនមានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់នោះដែរ បើម្ចាស់សំណង់រូបណាសាងសង់រំលោភលើចំណីព្រែក ជាទង្វើមួយខុសពីផ្លូវច្បាប់ តែបើមានការលួចសាងសង់ ដោយគ្មានច្បាប់ទៀតនោះ គឺជាទង្វើខុសច្បាប់ទាំងស្រុងតែម្តង។ ប្រការនេះម្ចាស់សំណង់ត្រូវតែទទួលខុសត្រូវទាំងស្រុង រាល់ការប៉ះពាល់នានា ដោយពុំមានការទទួលបានសំណងអ្វីត្រឡប់ទៅវិញឡើយ ។
ពាក់ព័ន្ធនឹងការសាងសង់សំណង់រំលោភចូលចំណីព្រែកខាងលើ ត្រូវបាន លោក ប៊ុន ប្រុស ម្ចាស់សំណង់អះអាងតាមទូរស័ព្ទ នៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤ នេះថា សំណង់របស់លោក ជាសំណង់ឈើ ដែលជាសំណង់បណ្ដោះ អាសន្ន រយៈពេល ៤ ទៅ ៥ឆ្នាំ វាត្រូវបានពុកអស់ទៅហើយ។ ហើយសំណង់នេះលោកសាងសង់នៅលើទីតាំងផ្ទះចាស់ នៅលើក្សូស តែលោកធ្វើក្រវ៉ាត់សម្រាប់ដើរ មិនមែនធ្វើផែនោះទេ។ តែលោកបានទទួលស្គាល់ថា លោកធ្វើចូលចំណីព្រែកប្រហែល ២០ ម៉ែត្រតែប៉ុណ្ណោះ។
នៅពេលដែលលោកកំពុងសាងសង់ក៏ត្រូវ បានអាជ្ញាធរមកប្រាប់គាត់ថា ប្រុសឯងកុំអាលធ្វើ ទៅសុំច្បាប់សិន។ លោកក៏ទៅដាក់ពាក្យស្នើសុំនៅសាលាឃុំ រួចក៏មកសាង សង់បន្តទៀត ព្រោះលោកគិតថា ដោយលោកបានដាក់ពាក្យស្នើសុំហើយ ម្យ៉ាងទៀតសំណង់ជាច្រើននៅតាមបណ្ដោយព្រែកក្នុងស្រុកបូទុមសាគរនេះ សុទ្ធតែសំណង់រឹងមាំ ដោយម្ចាស់សំណង់ជាច្រើន បានចាក់ដីធ្វើផ្ទះទើបលោកបន្តការសាងសង់បន្ថែមទៀត។ លោកថា អ្វីដែលលោកតូចចិត្តនោះ គឺអាជ្ញាធរគួរណាស់ តែប្រាប់គាត់ថា ច្បាប់នេះ ខ្ញុំធ្វើមិនបានទេ ប្រុសឯងទៅដាក់នៅនេះឬទៅដាក់នៅនោះទៅ បែរជាចុះមកឲ្យគាត់រុះរើតែម្ដង ទើបគាត់មានការប្រទាក់ពាក្យសម្ដីគ្នា។
លោកប៊ុន ប្រុស បញ្ជាក់ទៀតថា សំណង់របស់លោក លោកមិនជំទាស់ទេក្នុងការឲ្យរុះរើ ប៉ុន្តែសូមឱ្យមានតម្លាភាព បើឱ្យរុះត្រូវរួសទាំងអស់គ្នា ពីព្រោះសំណង់ជា ច្រើននៅតាមបណ្ដោយមាត់ព្រែកនេះសុទ្ធតែសំណង់រឹង រីឯគាត់ជាសំណង់ទន់ទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ស្រុក ខេត្ត បានចុះទៅ ឱ្យម្ចាស់សំណង់ ឈ្មោះ ប៊ុន ប្រុស ដែលជាអធិការរងស្រុកបូទុមសាគរ រុះរើចេញដោយសារសំណង់របស់គាត់ សាងសង់រំលោភចូលក្នុងចំណីព្រែក។ តែអ្វីដែលធ្វើឲ្យមហាជន មានការចាប់អារម្មណ៍នោះ គឺមួយរយៈមកនេះ ទីតាំងសំណង់ខាងលើ នៅបន្តការសាង សង់បានដដែល រហូតដល់ពួកគាត់បានដាក់ជាសំនួរថា តើម្ចាស់សំណង់ខាងលើ មានខ្សែធំនៅពីក្រោយខ្នង ឬយ៉ាងណា ? ទើបគាត់នៅតែអាចសាងសង់បាន ដោយពុំខ្វល់ ខ្វាយ និងខ្លាចញញើតច្បាប់បន្តិចសោះ? បើទោះ បីជាកន្លងមកគាត់ធ្លាប់ទទួលបានលិខិតផ្អាកការ សាង សង់ពីសំណាក់អាជ្ញាធរពីរដងរួចមកហើយក្តី ហើយមហាជនរងចាំមើលថា តើអាជ្ញាធរអាចនឹងមានវិធានការបន្តដែរ ឬយ៉ាងណា បើម្ចាស់សំណង់នៅមិនព្រមរុះរើនោះ៕