ប្រធានាធិបតីវៀតណាម លោក តូ ឡឹម (To Lam) គ្រោងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាក្នុងសប្ដាហ៍នេះរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបញ្ជាក់ថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក តូ ឡឹម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់នាថ្ងៃទី១០ កក្កដា ថា លោក តូ ឡឹម គ្រោងនឹងជួបជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, និងលោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ប្រភពដដែលបន្តថា៖ «ជំនួបទាំងនេះត្រូវបានរំពឹងថានឹងគ្របដណ្ដប់លើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ»។
លោកប្រធានាធិបតីវៀតណាមក៏គ្រោងនឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា និងនៅមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម៕