សង្គម

ទីតាំងល្បែងអនឡាញដ៏ធំមួយនៅកណ្ដាលក្រុងភ្នំពេញកំពុងដំណើរការក្នុងអាគារក្រុមហ៊ុន”អិលវ៉ាយភី គ្រុប និងធនាគារបាងកក”

ទីតាំងល្បែងអនឡាញដ៏ធំមួយនៅកណ្ដាលក្រុងភ្នំពេញកំពង់ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាលអ្នកចូលចិត្តល្បែងស៊ីសងមានទាំងខ្មែរនិងជនជាតិចិន។ អ្វីដែលជាចំណាប់អារម្មណ៍របស់ប្រជា រាស្រ្តនោះគឺទីតាំងនេះនៅកណ្ដាលក្រុងភ្នំពេញ ហេតុអ្វី បានជាអាជ្ញាធរមានសមត្ថកិច្ចមិនដឹង? ឬមួយអាជ្ញាធរធ្វើជាមិនដឹងដោយបញ្ហាផលប្រយោជន៍ណាមួយ?

ប្រភពព័ត៌មានបានរាយការណ៍ថា ទីតាំងហ្គេមកាស៊ីណូអនឡាញ នៅក្នុងអាគារដ៏ធំមួយកន្លែងដែលមានថៅកែជនជាតិចិន កំពុងដំណើរការក្រោមស្លាកយីហោរបស់ ក្រុមហ៊ុន”អិលវ៉ាយភីគ្រុបនិងធនាគារបាងកក” ។ បើតាមប្រភពរាយការណ៍ថា ទីតាំងនេះបានដំណើរការជាយូរ ណាស់មកហើយ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមាន មន្ទិលថា តើអាជ្ញាធរមូលដ្ឋានមិនដឹងទេឬពីព្រោះមានមនុស្សចេញចូលគគ្រឹកគគ្រេងណាស់ដែរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងកាស៉ីណូអនឡាញខាងលេីនេះ ស្ថិតនៅក្នុងអាគារក្រុមហ៊ុនយីហោ “អិលវ៉ាយភី គ្រុប និងធនាគារបាងកក” ជាន់ទី៥ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ទីតាំងនេះគឺនៅកណ្ដាលក្រុងភ្នំពេញតែម្ដង។ គេឃើញមានបណ្ដាជនជាតិចិន,ខ្មែរចេញចូលគគ្រឹកគគ្រេង ដែលប្រជាពលរដ្ឋនឹកស្មានថា ជាធនាគារពិតប្រាកដ។ ប៉ុន្តែបើតាមពិតវាជាទីតាំងល្បែងស៊ីសងអនឡាញដ៏ធំទៅវិញ។

តាមវីដេអូឃ្លីបមួយនៅក្នុងបណ្ដាញសង្គមTikTok បានបង្ហោះកាលពីថ្មីៗនេះថា៖ បច្ចុប្បន្នទីតាំងកាស៉ីណូខាងលេីនេះ កំពុងបេីកលេងយ៉ាងរំភើយទាំងយប់ថ្ងៃ គឺ២៤ ម៉ោងលើ២៤ម៉ោង ដោយមានបុគ្គលិកជាជនជាតិខ្មែរ និងចិនជាច្រេីននាក់ នាំគ្នាប្រេីប្រាស់កកុំព្យូទ័រម្នាក់ បេីកអនឡាញភ្នាល់ល្បែងគ្រប់ប្រភេទមិនខ្វល់ពីការបង្រ្កាបនោះឡើយ ជាពិសេសគឺមិនអនុវត្តទៅនឹងអនុសាសន៍ ប្រមុខរាជរដ្ឋាភិបាល។ ខណៈបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់ស្រុក- ក្រុង និងខេត្ត ទាំងអស់ត្រូវតែចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរគ្រឿងញៀន ។

សេចក្តីរាយការណ៍ថា ថៅកែបនល្បែងកាស៉ីណូ ដែលជាជនជាតិចិនខាងលើនេះ ក៏បានកៀបសង្កត់ និងស៉ីកម្លាំងញេីសឈាមទៅលើបុគ្គលិកខ្មែរ ដែលបានខិតខំធ្វើការទាំងយប់ថ្ងៃក្នុងពេល១២ម៉ោងម្នាក់ មិនហ៊ានដេកនោះទេ ដោយថៅកែចិននោះ បានធ្វេីកិច្ចសន្យាក្នុង រយៈពេល១០ថ្ងៃប្រសិនបើទីតាំងនេះត្រូវរំសាយក៏មិនបើកប្រាក់ខែឱ្យបុគ្គលិកដែរ ហើយបុគ្គលិកដែលត្រូវបានថៅកែចិនបញ្ឍប់ចោលនោះ ក៏បានអំពាវនាវឱ្យបុគ្គលិកដែលចង់ចូលបម្រើការងារនៅកន្លែងមួយនេះប្រយ័ត្នចាញ់បោកគេ៕