រដ្ឋមន្រ្តីមហាផ្ទៃ ឯកឧត្តម ស សុខា បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារទូទាំងប្រទេស ក្រសួងបានរកឃើញសម្ភារៈមិនគប្បីមួយចំនួនដូចជា អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យលោក មាន ចាន់យ៉ាដា កាលពីពេលថ្មីៗនេះ ឯកឧត្តម ស សុខា មានប្រសាសន៍ថា ការចុះឆែកឆែរតាមបន្ទប់ឃុំឃាំងក្នុងពន្ធនាគារនេះ មានគោលដៅពង្រឹងសន្តិសុខពន្ធនាគារ ស្របតាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ ដោយមិនមែនជាការបំពានសិទ្ធិអ្នកជាប់ឃុំដូចការលើកឡើងរបស់សង្គមស៊ីវិលមួយចំនួននោះឡើយ។
ការបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃយ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់សង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន ដែលបែរជាយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខក្នុងពន្ធនាគារនេះ ថាជាការបំពានសិទ្ធិអ្នកជាប់ឃុំទៅវិញ។
ភ្ជាប់នឹងការរម្លឹកជាថ្មីទៀត អំពីបទពិសោធដែលធ្លាប់មានអ្នកជាប់ឃុំលួចប្រើទូរសព្ទ ដើម្បីបញ្ជាទៅគូកននៅខាងក្រៅឱ្យប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន លោក ស សុខា បានផ្ដល់គោលការណ៍ណែនាំជារួមទៅកាន់អគ្គនាយកដ្ឋានពន្ធនាគារ អភិបាលរាជធានី ខេត្ត រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែរាជធានី ខេត្តទាំងអស់ យកចិត្តទុកដាក់ជំរុញ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតលើការងារពង្រឹងសន្តិសុខក្នុងពន្ធនាគារ ជាពិសេសត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់រាល់ការនាំចូលម្ហូបអាហារ និងសម្ភារៈផ្សេងៗ និងការពង្រឹងភាពស្អាតស្អំរបស់មន្រ្តីនៅខាងក្នុង៕