ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលសារសំឡេងក្លែងក្លាយ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏​បានអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារីដែលជាជនអនាមិកម្នាក់នោះ។ ខណៈការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យបាននោះឡើយ។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបើកការស្រាវជ្រាវ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលប្រឌិតព័ត៌មានបំពុល នាំឲ្យប៉ះពាល់សន្ដិសុខជាតិបែបនេះ៕