សង្គម

សេក សំអុល មន្ត្រីភូមិបាលស្រុកកំពុងរោទិ៍ចូលរួមបោះត្រាលើប្លង់ស្លាបមាន់ជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៩២ បែរជាបដិសេធ

ខេត្តស្វាយរៀង÷ លោកសេក សំអុល បានកាន់តំណែងជាមន្ត្រីភូមិបាលស្រុកកំពង់រោទិ៍តាំងពីទសវត្សរ៍៩០ រហូតដល់បច្ចុប្បន្នក្លាយជាប្រធានភូមិបាលស្រុក ដែលសព្វថ្ងៃនេះធ្វើឲ្យមានចម្រូងចម្រាស់ ក៏ព្រោះតែលោកធ្វើកិច្ចការភូមិបាលក៏ដូចជាចូលរួមបោះត្រាលើប្លង់ស្លាបមាន់លើកម្មសិទ្ធិដីធ្លីនៅឆ្នាំ១៩៩២ តែពេលនេះបែរជាមិនទទួលស្គាល់លិខិតស្នាមរបស់ខ្លួនឯង ដែលចូលរួមធ្វើតាំងពីជំនាន់នោះ។ មានន័យថា ច្បាប់ស្រេចតែលើបបូរមាត់របស់លោកចង់ និយាយយ៉ាងម៉េចក៏បាន។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋក្លាយទៅជាជនរងគ្រោះ ព្រោះតែដើម្បីផលប្រយោជន៍របស់លោកសេក សំអុល។

នោះគឺករណីដីភូមិរបស់លោក អ៊ុំ សាផន ដែលកន្ទុយដីរបស់លោកអ៊ុំ សាផន ដែលលោកសេក សំអុល ចូលរួមដឹងឮក្នុង នាមអនុប្រធានសុរិយោដីស្រុកកំពង់រោទិ៍ មិនបញ្ជាក់ថា មានលូបង្ហូរទឹកឬផ្លូវឌឿងហែមនោះឡើយ។ ឥឡូវនេះស្រាប់តែលោក សេក សំអុល បដិសេធប្លង់ស្លាបមាន់ ដែលលោកចូលរួមធ្វើជូនប្រជាពលរដ្ឋនោះទៅវិញ ដោយកាត់យកកន្ទុយដីរបស់លោក អ៊ុំ សាផន បីម៉ែត្រ​បណ្ដោយ​៣៨ ម៉ែត្រ ដើម្បីធ្វើផ្លូវឌឿហែម។ នេះគឺជាអ្វីដែលនាំឲ្យមានចម្រូងចម្រាស់ ក្លាយទៅជាការតវ៉ាដែលប្រជាពលរដ្ឋភាគច្រើនលើសលប់នៅក្នុងមូលដ្ឋានទទួលស្គាល់ភាពស្របច្បាប់របស់ដីលោកអ៊ុំសាផន តាមរយៈប្លង់ស្លាបមាន់ដែលមានដល់សព្វថ្ងៃ។

អ្នកច្បាប់អង្គុយលើច្បាប់,ធ្វើច្បាប់ដើម្បីផលប្រយោជន៍របស់ខ្លួន? នោះគឺលោកសេក សំអុលចង់បានដីលោកអ៊ុំសាផន នៅផ្នែកខាងក្រោយ៣ម៉ែត្រនោះគឺសម្រាប់ច្រក ចេញ-ចូលផ្ទះរបស់ខ្លួនតែប៉ុណ្ណោះ វាមិនមែនជាផល ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋភាគច្រើននោះទេ។ នេះបានហៅថាមន្ត្រីជំនាញ ប្រើជំនាញដើម្បីផលប្រយោជន៍របស់ខ្លួនយ៉ាងពិតប្រាកដ។ ហេតុដូច្នេះហើយ បានជាលោកមិនទទួលយកអ្វី ដែលលោកបានចូលរួមធ្វើប្លង់ស្លាបមាន់ជូនប្រជាពលរដ្ឋនៅតំបន់នោះនិយាយរួម និងនិយាយដោយឡែកការ ធ្វើប្លង់ស្លាបមាន់ជូនគ្រួសារលោក អ៊ុំ សាផន នោះជាដើម។ ដោយមិនបាច់និយាយ វែងឆ្ងាយទៀតនោះគឺប្លង់ស្លាបមាន់របស់គ្រួសារលោក អ៊ុំ សាផន មិនមានផ្លូវឌឿងហែមនោះទេ។

ជាមួយនឹងទង្វើបំពានច្បាប់ខ្លួនឯងនេះ ប្រជាពលរដ្ឋនៅក្នុងភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន២៩នាក់(គ្រួសារ) បានផ្ដិតមេដៃទទួលស្គាល់ភាពស្របច្បាប់នៃដីរបស់លោកអ៊ុំ  សាផន ដោយអាចថាមិនមានផ្លូវឌឿងហែមនៅលើកន្ទុយដីនេះទេ។ ប៉ុន្តែការដែលលោកសេក សំអុល ចង់បានដីលោកអ៊ុំ សាផន ៣ម៉ែត្របណ្ដោយ៣៨ ម៉ែត្រនោះព្រោះ ផ្ទះលោកសេក សំអុល នៅខាងក្រោយ ដូច្នេះគាត់ចង់បានដីនោះធ្វើជាផ្លូវច្រកចេញខាងក្រោយផ្ទះគាត់។ គួបផ្សំជាមួយនឹងគាត់(សេក សំអុល)ជាមន្ត្រីជំនាញខាងសុរិយោដីផងនោះ ក៏លេងមួយក្បាច់នេះប្រសិនបើបានវាក៏ស្រួលចេញ-ចូលដែរ។ នេះគឺជាបញ្ហាដែលបង្កឡើង ដោយមន្ត្រីជំនាញយ៉ាងពិតប្រាកដ។

លោកសេក សំអុល ប្រធានភូមិបាលស្រុកកំពង់រោទិ៍ មិនបានបញ្ជាក់ឲ្យបានច្បាស់ពីរឿងរ៉ាវខាងលើនេះទេ ដោយសារលោកជាប់រវល់ប្រជុំ។

ក្រុមគ្រួសារលោកអ៊ុំ សាផន ក៏ដូចជាប្រជាពលរដ្ឋស្រឡាញ់យុត្តិធម៌និងការពិត ភាគច្រើនលើសលប់នៅមូលដ្ឋានខាងលើសំណូមពរទៅលោកម៉ិញ ស៊ីចាយ ប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ស្វាយរៀង,ក៏ដូចជាលោកប៉េង  ពោធិ៍សា អភិបាលខេត្តស្វាយរៀង ពិនិត្យមើលករណីលោកសេក សំអុល ប្រធានភូមិបាល,សុរិយោដីស្រុកកំពង់រោទិ៍ផងថា តើអ្វីដែលគាត់ធ្វើគឺដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋឬក៏យកប្រជាពលរដ្ឋ៧គ្រួសារធ្វើជាខែដើម្បីប្រយោជន៍ផ្ទាល់ខ្លួនហើយធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋស្លូតត្រង់។ តើទង្វើកាយកប់ត្រឡប់ជាន់,ច្បាប់ស្រេចតែបបូរមាត់របស់លោកសេក សំអុល គួរតែផ្ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះដែរឬទេ?៕