សង្គម

ប្រជាពលរដ្ឋភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនត្អូញត្អែរអំពីបញ្ហាបរិស្ថានដែលបង្កដោយរថយន្តដឹកដីធំៗ

ខេត្តកំពង់ធំ÷ ប្រជាពលរដ្ឋភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនកំពុងរស់នៅជាមួយនឹងបញ្ហាបរិស្ថានមិនល្អ ពោលគឺឡានធំៗដឹកដីបើកបរលឿនៗងាយនឹងបង្កគ្រោះថ្នាក់ក៏ ដូចជាហុយដីយ៉ាងខ្លាំងនៅរដូវប្រាំង។ រីឯនៅរដូវវស្សាបណ្ដាលឲ្យផ្លូវនៅក្នុងសហគមន៍ខាងលើនេះ រងការ ខូចខាតយ៉ាងដំណាំផងដែរ។ ដូច្នេះហើយប្រជាពលរដ្ឋសំណូមពរឲ្យមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ ពិនិត្យ មើលករណីក្រុមរថយន្តដឹកដីនៅក្នុងមូលដ្ឋានខាងលើនោះផង។ ពីព្រោះក្រៅតែពីបញ្ហាដែលនៃការជីកកកាយខុសបច្ចេកទេសហើយនោះ ក៏មានបញ្ហាជាច្រើនដែលបង្កឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ជាខ្លាំង។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សំណូមពរទៅលោកនឹម ចន្ថាប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំមេត្តាពិនិត្យមើលឡានដឹកដីខ្នាតធំៗនៅចុងភូមិរលួសខាងលិចផង រាប់ឆ្នាំមកហើយសកម្មភាពដឹកដីនៅចុងភូមិរលួសខាងលិច បើមានភ្លៀងមិនសូវហុយទេ តែខូចផ្លូវធ្វើឱ្យប៉ះពាល់បរិស្ថានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងភូមិក៏ដូចជាធ្វើដំណើរតាមផ្លូវ ចាប់ពីថ្នល់ជាតិចូលទៅភូមិរលួសគឺហុយខ្លាំងណាស់ បើស្រោចទឹកឃើញថា បាញ់ទឹកតែក្នុងភូមិតែប៉ុណ្ណោះ រីឯផ្លូវចេញពីភូមិមកដល់ថ្នល់ជាតិ ក្រុមឡានដឹកដីមិនដែលបាញ់ទឹកឲ្យម្ដងណាឡើយ។ ប្រជាពលរដ្ឋធ្វើដំណើរគឺពិបាកនឹងដកដង្ហើមដោយសារហុយនឹងឡានដឹកដីតែម្ដង ហើយទី២ពេលដែលដាក់ដីពេញឡាន មិនមានតង់គ្របពីលើធ្វើឲ្យដីធ្លាក់ពិបាកនឹងធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋដែលបានទៅមើលរណ្ដៅដីដែលជីកដោយគ្រឿងចក្រខាងលើ មើលឃើញថា រណ្ដៅដីជ្រៅណាស់កន្លែងខ្លះលិចមួយដៃអាអិច។ ប្រការនេះពួកគាត់សួរថាតើខុសនឹងច្បាប់ដែលក្រសួងរ៉ែ និងថាមពល បានដាក់ ចេញមកដែរឬទេ។ តែយ៉ាងណាក៏ដោយ វានៅតែជាការ សម្រេចដោយការពិនិត្យពិច័យជាក់ស្ដែង របស់អស់ លោកមន្ត្រីនៃមន្ទីររ៉ែ និងថាមពលតែប៉ុណ្ណោះ។ បើអស់ លោកមន្ត្រីជំនាញយល់ថា រណ្ដៅដីដែលជ្រៅនោះ មិនខុសច្បាប់ទេ គឺវាពិតជាមិនខុសនឹងហើយ។ ប៉ុន្តែវាបង្កឲ្យមានហានិភ័យសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់នោះ មិនត្រឹមតែសត្វពាហនៈប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់កូនចៅប្រជាពលរដ្ឋដែលអាចនឹងទៅលេងនៅជិតៗនោះ។

ដូច្នេះប្រជាពលរដ្ឋនៅជិតៗតំបន់នោះសំណូមពរ ឲ្យលោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ធំ មេត្តាគិត គូរ ពីអាយុជីវិតនិងផលប៉ះពាល់បរិស្ថានដល់បងប្អូនប្រជាពលរដ្ឋផង។ នៅទីនេះមានបញ្ហាកើតដែលឡើងពីរគឺការហុយដី,ខូចផ្លូវ,និងគ្រោះថ្នាក់ ដែលអាចកើតជាយថាហេតុចំពោះកូន,ចៅប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍។ ដូច្នេះគួរតែមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តកំពង់ធំជាពិសេសមន្ទីរជំនាញរ៉ែនិងថាមពលពិនិត្យមើលឲ្យបានល្អិតល្អន់អំពីហានិភ័យដែលបាននឹងកំពុងកើតឡើងប៉ះពាល់ដល់ជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះ៕

ដោយ: សុិនខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299