សង្គម

ឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើនៅពេលយប់តាមរថយន្ត highlander 3 គ្រឿងនិងធុនត្រាយកទៅលក់ប្រទេសវៀតណាមដោយសេរី មិនរំខានសមត្ថកិច្ចពាក់ព័ន្ធ

ប្រភពព័ត៌មានបានរាយការណ័ឲ្យដឹងថា ពេលថ្មីៗនេះ មេឈ្មួញម្នាក់ឈ្មោះរិទ្ធ ក្រៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់ឈើចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ជៀរ មុខកាត់ធំៗ ក្នុងជម្រកដែនអភិរក្សសត្វព្រៃស្រែពកដោយជំនាញបរិស្ថាន និងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប ។ មេឈ្មួញឈើឈ្មោះ រិទ្ធ ដឹកជញ្ជូនបទល្មេីសព្រៃឈើ តាមប្រភេទរថយន្តhighlander និងរថយន្តធុនត្រា ចេញពីស្រុកកោកោះញែក និងស្រុកពេជ្រាដា ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រករបៀងមួយនៅក្បែរច្រកទ្វារអន្តរជាតិដាក់ដាំ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញឈ្មោះរិទ្ធ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីដែនអភិរក្សស្រែពក ដោយឆ្លងកាត់ក្រុងសែនមនោម មុនទៅដល់ព្រំដែនកុងរឡុង ដែលនៅជិតច្រកព្រំដែនអន្តរជាតិដាក់ ដាំនោះឯង។ សកម្មភាពនៃការដឹកជញ្ជូនទាំងនេះមិនមានអ្វីជាអាថ៌កំបាំងសម្រាប់សមត្ថកិច្ចឬស្ថាប័នជំនាញដែលត្រូវបង្ក្រាបនោះទេ។ ប៉ុន្តែដោយសារ ទទួលបានលាបសក្ការៈពីឈ្មួញរួចហើយទើប សកម្មភាពនៃការដឹកជញ្ជូនឈើបានប្រព្រឹត្តទៅដោយរលូន។

លោកមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ ដាក់ដាំ ជាអ្នកមានសិទ្ធិអំណាចខ្លាំងជាងគេ ក្នុងការបើកដៃឲ្យឈ្មួញឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើ ខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម នៅពេលយប់។ ដោយឡែកប្រធានមន្ទីរកសិកម្ម និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលនេះ ដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន។ តាមប្រភពអះអាងថា ពួកមន្ត្រីជំនាញនៅតាមដងផ្លូវសុទ្ធតែត្រូវបានឈ្មួញដ៏មានឥទ្ធិពលរូបនេះ ចែកលាភសក្ការៈឲ្យគ្រប់គ្នា ទើបពួកគេអាចដំណើរការដឹកជញ្ជូនឈើបានដោយសុខស្រួលដល់សព្វថ្ងៃនេះ។ ប្រភពបានបន្ថែមថាឈ្មោះរិទ្ធអាចរកស៊ីបានដោយសុខស្រួលតាំងពីក្នុងព្រៃរហូត។ទៅដល់ព្រំដែនវៀតណាម សុទ្ធតែត្រូវបានចែករំលែកលាភសក្ការៈរួចហើយ។

ការដែលឈ្មួញឈឈើ រិទ្ធហ៊ានធ្វើអ្វីៗតាមទំនេីងចិត្តគឺដោយសារអាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង ការនគរបាលខេត្តមណ្ឌលគិរី ជាខ្នងបង្អែក។ ជាមួយគ្នានេះដែរ លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏ហាក់ដូចជាធ្វើមិនដឹង មិនឮ ស្របពេលដែលសមត្ថកិច្ចជំនាញស្ថាប័នតុលាការ ក៏ហាក់ដូចជាមិនដឹងមិនឃើញរឿងនេះដែរ។ដូច្នេះហើយទើបប្រជាពលរដ្ឋតំបន់ភ្នំព្រិច, ស្រុកកោះញែក,តំបន់អភិរក្សស្រែពក អំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដាក់ការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះក្រុម ឈ្មួញដឹកជញ្ជូនឈើ ទៅប្រទេសវៀតណាមតាមច្រក ទ្វារអន្តរជាតិដាក់ដាំ ជាបន្ទាន់ផង៕