ខេត្តតាកែវ ៖ ក្រោយឃើញកូនស្រីខ្លួនមានអាការៈធ្លាក់ឈាមតាមប្រដាប់ភេទមិនឈប់ ម្តាយនាំទៅរកគ្រូពេទ្យពិនិត្យ ពេទ្យថា រលូតកូន ក៏ជជីកសួរទើបបែករឿងមានគេចាប់រំលោភសេពសត្ថវៈ រហូតមានផ្ទៃពោះ។ ម្តាយស្លុតចិត្តក្រោយដឹងរឿង បានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមភ្លាមៗ។
ករណីខាងលើនេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី កម្លាំងជំនាញបានទទួលពាក្យបណ្ដឹង ពីឈ្មោះ ឡ.គ.ហ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានរៀបរាប់ថា នៅថ្ងៃ(មិនចាំ) ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២យប់ ឈ្មោះ គាន ភក្ដី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស រួមជាមួយបក្ខពួក០៣នាក់ទៀត បានធ្វើសកម្មភាព ចាប់រំលោភកូនស្រីរបស់គាត់ អាយុ១៤ឆ្នាំ។ ក្នុងពាក្យបណ្តឹងបានបន្ថែមថា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ កូនស្រីរបស់គាត់មានអាការៈធ្លាក់ឈាម ក៏យកទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ទើបគ្រូពេទ្យប្រាប់ថា កូនស្រីរបស់គាត់រលូនកូន ហើយគាត់ជជីកសួរកូន ទើបកូនរបស់គាត់ប្រាប់ពីដំណើររឿងតែម្តងទៅ។
ក្រោយទទួលបានពាក្យបណ្ដឹង និងមានការចង្អុរបង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តតាកែវផងនោះ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា ចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់រួមមាន÷ ១- ឈ្មោះ គាន ភក្ដី ភេទប្រុស អាយុ១៦ឆ្នាំ។ ២-ឈ្មោះ ហ៊ាប ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ។ ៣- ឈ្មោះ ម៉ន សារុន ហៅចយ ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៣នាក់ រស់នៅភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាស។ និងទី៤- ឈ្មោះ ផល ផល្លី ហៅហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានកម្លាំងជំនាញនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕