ខេត្តសៀមរាប÷ បទល្មេីសកាប់បំផ្លាញព្រៃឈេី និងដឹកជញ្ជូនចូលរោងសិប្បកម្មអត់ច្បាប់ នៅតែបន្តសកម្មភាពឥតឈប់ឈរ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។ ទង្វើបែបនេះធ្វើឱ្យពលរដ្ឋដាក់ការសង្ស័យថា មន្ត្រីស្ថាប័នជំនាញក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាបព្រោះជាចំណូលចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់។ ហេតុ ដូច្នេះហើយដំណើរការ ទាំងទីតាំងផលិតគ្រឿងសង្ហារឹមសិប្បកម្មនានានិងអ្នកដឹកជញ្ជូន មិនខ្វល់នោះទេចំពោះដំណើរការរបស់ខ្លួនព្រោះត្រូវរ៉ូវជាមួយស្ថាប័នជំនាញរួច រាល់ស្រេចបាច់អស់ហើយ។
ប្រភពច្បាស់ការណ៍ពីអ្នកដឹកជញ្ជូនឈើបានឲ្យដឹងថា ក្រុមពួកគាត់បានបង់លុយឲ្យមន្ត្រីជំនាញរួចស្រេចអាចដឹកជញ្ជូនបានយ៉ាងរលូន។ ជាក់ស្ដែងឈើមូលស្រស់និងឈើមូលងាប់បានដឹកជញ្ជូនចូលរោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាច្រើនកន្លែងស្ថិតនៅភូមិប៉ាតត និងភូមិខ្លាឃ្មុំ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ជារៀងរាល់យប់,ថ្ងៃយ៉ាងអនាធិបតេយ្យដោយពុំឃើញមានអាជ្ញាធរនិងមន្ត្រីសមត្ថកិច្ចជំនាញនៅមូលដ្ឋានទប់ស្កាត់បង្ក្រាបសោះឡើយ។
លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង បានឆ្លើយតបថា ចំពោះទីតាំងសប្បិកម្ម ទាំងអស់នោះមានកន្លែងខ្លះមានច្បាប់ កន្លែងខ្លះអត់ច្បាប់និងកន្លែងខ្លះកំពុងតែបន្តច្បាប់។ ប្រការនេះធ្វើឲ្យពលរដ្ឋរិះគន់និងសួរថា តើច្បាប់កាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើមានដែរឬទេ? តើសិប្បកម្មដែលមានច្បាប់មានប៉ុន្មាន? អត់ ច្បាប់មានប៉ុន្មាន?ចុះពេលដែលម្ចាស់សិប្បកម្មបង់លុយតើចូលជាថវិកាជាតិឬចូលហោប៉ាវមន្ត្រីជំនាញនៅតាមមូលដ្ឋានតួយ៉ាងដូចជាលោកសូ ផល្លានេះឬ?។
គួរបញ្ជាក់ថា សិប្បកម្មជាច្រើនកន្លែងដែលមិនស្គាល់ ឈ្មោះបានដាក់សម្ភារៈសិប្បកម្ម មានម៉ាស៊ីនអារជ្រៀកឈើលាន់រំពងពេញភូមិមិនរំខានដល់មន្ត្រីជំនាញដែលឈរជើងនៅតំបន់នោះឡើយ។ ប្រជាពលរដ្ធសំណូមពរលោក ប្រាក់សោភ័ណ អភិបាលខេត្តសៀមរាប មេត្តាចាត់វិធានការបង្ក្រាបឬទប់ស្កាត់ឲ្យមានប្រសិទ្ធភាពដើម្បីចូលរួមថែរក្សានិងការពារសម្បត្តិជាតិទាំងអស់គ្នា ។ ព្រោះបើសង្ឃឹមលើមន្ត្រីក្នុងមូលដ្ឋានគ្មានឆន្ទៈថែរក្សា ការពារនិងទៅទប់ស្កាត់បទល្មើសនិងបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើនោះទេ៕