ព័ត៌មានជាតិ

លោកស្នងការក្រុងបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យាបំពេញភារកិច្ចនៅផ្លូវ២០០៤មកសួរនាំ

ភ្នំពេញ ៖ ក្រោយមានការរិះគន់ព្រោងព្រាតទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលឲ្យដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍មួយរូប ក៏ឈរមើល ដូចគ្នាផងដែរនោះ ទើបលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្រ្តីទាំងពីររូបនោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងរងចាំបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី។

សូមបញ្ជាក់ថាទង្វើរបស់មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍នោះ ធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងជាពិសេស បង្ហាញពីការបាត់បង់ គុណធម៌ សីលធម៌ ក្នុងការបំពេញ តួនាទី មិនសមជាមន្ត្រីអនុវត្តច្បាប់ទេ។ ពួកគាត់ហាក់ គ្មានក្រមសីលធម៌ ទាល់តែសោះ។

លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានបង្ហោះវីដេអូនេះ ហើយសរសេរថា «សីលធម៌វានឹងលើកតម្លៃឯកសណ្ឋានបស់លោក ឬ ក៏ជាន់អស់លោកទៅក្នុងលាមក !» ។ អ្នកខ្លះទៀតសរសេរថា ៖ «គុណធម៌ ! សីលធម៌ ! មានត្រង់ណា បើអ្នកបំពេញ តួនាទី ភារកិច្ចបែបនេះ ?»។ទោះជាយ៉ាងក៏ដោយ មជ្ឈដ្ឋានទូទៅសូមអរគុណដល់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការភ្លាមៗ ៕