ខេត្តមណ្ឌលគិរី÷ រថយន្ត camry កែច្នៃ 2 គ្រឿងធ្វើសកម្មភាពដឹកឈើចេញពីតំបន់ស្នាក់ការរងស្រែផ្លែងក្រោមអំណាចដឹកនាំចាត់ចែងរបស់លោកញឹម តុលា ជារៀងរាល់យប់ដោយមិនរំខានសមត្ថកិច្ចនៅតាមដងផ្លូវ ជាពិសេសសមត្ថកិច្ចជំនាញបរិស្ថាននោះឡើយ។ ប្រភពគេខ្សឹបថា បងឌីម្ចាស់រថយន្ត camry កែច្នៃទាំង២គ្រឿង បានចំណាយសេវាជូនសមត្ថកិច្ចតាមដងផ្លូវក៏ដូចជាជូនលោកញឹមតុលា ប្រធានស្នាក់ការរងស្រែផ្លែងប្រចាំខែ ទើបគាត់អាចដឹកជញ្ជូនឈើបានដោយសេរីជារៀងរាល់ថ្ងៃកាន់ខែកាន់ឆ្នាំយ៉ាងដូច្នេះ។
ប្រភពបានឲ្យដឹងថា អស់រយៈពេលជាង១ខែហើយ គិតត្រឹមដើមខែកក្កដានេះ សកម្មភាពដឹកឈើរបស់ឈ្មួញឈ្មោះឌីហាក់ដូចជាកក្រើកខ្លាំង។ ឈ្មួញឈើធំ ឈ្មោះឌី ប្រចាំស្រុកកែវសីមាខេត្តមណ្ឌលគិរី និងមានអ្នកសារព័ត៌មានមួយចំនួនតូច នៅចាំបើករថយន្តរត់តាមក្រោយរថយន្តដឹកឈើ ឬហៅថា បិទគូថរថយន្តដឹកបទល្មើសព្រៃឈើដើម្បីសម្រួលឈើទាំងនេះ ឲ្យឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមបានដោយសុវត្ថិភាព។លោកឌី ធ្វើសកម្មភាពហាក់ដូចជាមិនញញើត ចំពោះសមត្ថ កិច្ចនៅតាមដងផ្លូវនោះឡើយ។ មិនញញើត ក៏ព្រោះតែលោកបានសែនព្រេនរួចហើយ។
ប្រភពរាយការណ៍ថា រថយន្តដែលកំពុងធ្វើចរាចរណ៍ដឹក ជញ្ជូនឈើទាំងនេះ ជារថយន្តម៉ាក camry កាមរីហើមកាត់កែខ្លួនរថយន្តផ្នែកខាងលើចំនួន២គ្រឿង ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ ចេញពីចំណុចភូមិអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពួកគេធ្វើ ដំណើរដឹកជញ្ជូនតាមផ្លូវ ទីបញ្ជាការផ្នែកសឹករងកែវសីមា ដែលជាផ្លូវគ្រួសក្រហម ឬហៅថាផ្លូវគីឡូ៤០ឆ្ពោះតាមផ្លូវជាតិលេខ៧៦ ចុះទៅផ្លូវចំការកៅស៊ូវៀតណាម ឆ្លងទៅទឹកដីវៀតណាមតែម្តង។ សកម្មភាពនៃការដឹកជញ្ជូនឈើទាំង នេះមិនជាអាថ៌កំបាំងសម្រាប់សមត្ថកិច្ចជំនាញ នៅតាមដងផ្លូវប្រមាញ់នោះទេ។ ប៉ុន្តែគឺសមត្ថកិច្ចបើកផ្លូវឲ្យពួក
ឈ្មួញធ្វើសកម្មភាពដោយស្រួល។
បច្ចុប្បន្នឈ្មួញឈើឈ្មោះឌី កំពុងប្តូរូបភាព ឈ្មោះអ្នក ជំនួញថ្មី គឺពួកគេបានប្រើឈ្មោះកូនចៅរបស់គេ ថាជាឈ្មួញឈើបច្ចុប្បន្ន តែរូបគេត្រូវបានលាក់ឈ្មោះមួយរយៈ ពេលសិន។ ទោះជាយ៉ាងណាក៏ដោយ អ្នកភូមិនិយាយថា ជាការពិត គឺលោកឌីជាអ្នកធ្វើសកម្មភាពរកស៊ីដឹកជញ្ជូនឈើ ចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមានៃស្នាក់ការរងស្រែផ្លែង ក្រោមការគ្រប់គ្រងដឹកនាំដោយលោកញឹម តុលា ដដែលជារៀងរាល់ថ្ងៃ។ ប្រភពរាយការណ៍ថា ឈើត្រូវបានកាប់បំផ្លាញនៅក្នុងមូលដ្ឋានឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ពិតណាស់ឈើទាំងនោះ ត្រូវបានកាប់បំផ្លាញនៅក្នុងដែនអភិរក្សទាំងស្រុង។
សេចក្តីរាយការណ៍ឲ្យដឹងថា ក្រៅពីបង់លុយឱ្យសមត្ថ កិច្ចតាមដងផ្លូវហើយនោះ លោកឌីក៏បានចំណាយឲ្យស្ថាប័នជំនាញដូចជាលោកញឹម តុលា ប្រធានស្នាក់ការរងបរិស្ថានស្រែផ្លែង ក៏ដូចជាលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមាស៊ិន សត្ថា នោះផងដែរ។ ប្រសិនបើមិនមានការបង់ប្រាក់ ឲ្យសមត្ថកិច្ចជំនាញនៃដែនបរិស្ថានទីនោះគឺមិនអាចដឹកឈើចេញបានដោយ ងាយៗដូចសព្វថ្ងៃនេះឡើយ។ យ៉ាងណាក៏ ដោយលោកឌី ត្រូវគេអះអាងថា ជាជើងឯកមួយដ៏ខ្លាំងនិងសំខាន់ម្នាក់ដែរ ក្នុងការដឹកឈើដែលមិនញញើតសមត្ថកិច្ច៕