សង្គម

ក្រុមអ្នកនេសាទល្មើសច្បាប់នៅតំបន់ផាត់សណ្ដាយប្រាប់ថា បានបង់លុយឲ្យអ្នករត់ការយ៉ាងតិចសរុប១២ លានរៀល ទើបអាចប្រព្រឹត្តបាន

ខេត្តកំពង់ធំ÷ យោងតាមសេចក្ដីរាយការណ៍ពីពលរដ្ឋប្រាប់ថា មានបទល្មើសជលផលជាច្រើនក្នុងរដូវបិទនេសាទនេះ នៅ ក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតក្នុងស្រុកស្ទោង ។ ជាក់ស្ដែងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ គេប្រទះឃើញមានបទល្មើសនេសាទ ដែលប្រើឧបករណ៍ ស៊ីបយន្ដបំពាក់ដោយឧបករណ៍ឆក់ត្រជាក់ ចំណុចនៅចំណុចមុខព្រែកទាល់,បាក់ដាវ,ក្រឡុកព្រះរាម ស្ថិតក្នុងភូមិព្រែកទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំដោយគ្មានមន្រ្ដីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចុះបង្រ្កាបឡើយ។

តាមការសាកសួរផ្ទាល់ជាមួយនឹងអ្នករុញស៊ីប ៦ នាក់និង៦ បាឡាស្មាច់ ប្រើម៉ាស៊ីនធំៗដែលក្នុងនោះ ទី១. ឈ្មោះ ខុម,ទី២-ចាន់ណា,ទី៣-ព្រីង,ទី៤-វែង,ទី៥- លាក់ និងទី៦ ឈ្មោះ នីម រស់នៅភូមិព្រែកតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងទី៧-នឿន រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្មុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ ពួក គាត់ទាំងអស់គ្នារៀបរាប់ប្រាប់អ្នកកាសែតថា ពួកគាត់បានបង់លុយឲ្យអ្នករត់ការ សំរាប់បង់បន្តទៅឲ្យមន្រ្ដីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគ្រប់អង្គភាព ទើបអាចចុះនេសាទបានដោយស្រួល ។

ទន្ទឹមនិងនោះក្រុមអ្នកនេសាទរុញស៊ីបខុសច្បាប់ បានបញ្ជាក់ថា ក្រុមពួកគាត់បង់លុយឲ្យ តាមរយះលោក ខុម ជាអ្នករត់ការបង់លុយ ឲ្យពួកមន្ត្រីស្ថាប័នជំនាញ ចាប់ពីចន្លោះ១២លានរៀល ទៅតាមវគ្គៗ នីមួយៗ ម្ដង ២លានរៀល,ម្ដង៣-៤លានរៀល ទើបអាចនេសាទរុញស៊ីបទាំងនេះបានដោយស្រួល។ អ្នកនេសាទទាំង នោះនិយាយថា ពួកគាត់ដឹងថា ទង្វើនោះជារឿងខុសច្បាប់ប៉ុន្តែគាត់ត្រូវតែធ្វើដើម្បីបានប្រាក់ចិញ្ចឹមជីវិត។ វាជារឿងល្មើសច្បាប់ ប៉ុន្តែពួកគាត់បានចោទសួរវិញថា តើអ្នកយកលុយពីពួកគាត់ល្មើសច្បាប់ឬទេ?

ប្រជាពលរដ្ឋកត់សម្គាល់ថា ចាប់តាំងពីលោក ជិនស៊ីថា ឡើងជានាយខណ្ឌរដ្ឋបាលជលខេត្តកំពង់ធំ បទល្មើសនេសាទប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មិនដែលថមថយនោះទេ ផ្ទុយទៅវិញមានតែកើនឡើង។ ប្រជា ពលរដ្ឋសង្ស័យថា ពួកមន្ត្រីរដ្ឋបាលជលផលនៅនឹងកន្លែងជាអ្នកប្រព្រឹត្តឃុបឃិតជាមួយពួកឈ្មួញឲ្យមានបទល្មើសនេសាទក្នុងរដូវបិទនៃស្អាត។

លោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មិនលើកទូរសព្ទអ្នកកាសែតទេ។ លោក ប៉ែន វណ្ណរិទ្ធ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានឆ្លើយតបក្នុង telegram ថា អ្នកណារត់ការបទល្មើសលោកមិនដឹងទេលោកដឹងតែពីអនុវត្តច្បាប់តែប៉ុណ្ណោះ។

ពលរដ្ឋមិនសង្ឃឹមមន្ត្រីជំនាញ(ជលផល) ឬមន្ត្រីមាន សមត្ថកិច្ចក្នុងមូលដ្ឋានចុះបង្ក្រាបនោះទេ ព្រោះមានមន្រ្ដីមួយចំនួនចុះ ទៅអនុវត្តតួនាទីបែរជាឃុបឃិតគ្នាបង្កើតអំពើពុក រលួយបណ្ដោយឲ្យមានបទល្មើសខុស ច្បាប់កើតឡើងគ្រប់ទីកន្លែង។ ប្រជាពលរដ្នរង់ចាំមើលចំណាត់ការនិងសំណូមពរឲ្យលោកអភិបាលខេត្តកំពង់ធំ តែងតាំងថ្មីក៏ដូចជាលោក លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តកំពង់ធំ ចុះត្រួតពិនិត្យនិងស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់និងចាត់វិធានការតាមច្បាប់៕