អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា មានខេត្តចំនួន០៣ កំពុងរងការបំផ្លាញពីពពួករុយ-ស ក្នុងនោះរួមមាន៖ ខេត្តព្រៃវែង ស្វាយរៀង និងតាកែវ។
កញ្ញា អ៊ឹម រចនា មន្ត្រីនាំពាក្យរូបនេះអះអាងថា បន្ទាប់ពីបានជោគជ័យលើយុទ្ធនាការបង្ក្រាបដង្កូវហ្វូង ឥឡូវនេះ យើងចាប់ផ្តើមមានវត្តមាន៖ សត្វរុយ-សបំផ្លាញលើស្រូវនេះមួយទៀត ដែលឥឡូវនេះកំពុងតែមានការរាតត្បាតនៅខេត្តចំនួន៣ តាមព្រំដែនកម្ពុជា-វៀតណាម។ អ្នកនាំពាក្យបន្ថែមថា ទោះបីករណីរុយ-ស រីករាលដាលក្នុងដំណាក់កាលដំបូងក្ដី តែក្រសួងព្រួយបារម្ភចំពោះករណីនេះ ដោយបានចាត់មន្ត្រីជំនាញចេញយុទ្ធនាការបង្ក្រាប និងចុះអប់រំណែនាំដល់កសិករដោយផ្ទាល់ ដោយក្រសួងកត់សម្គាល់ឃើញថា សត្វរុយ-ស នេះ ធន់ទៅនឹងថ្នាំជាងសត្វដង្កូវហ្វូងដែលរីករាលដាលកន្លងមក។ ម៉្យាងវិញទៀត នៅពេលដែលប្រើថ្នាំ កម្ចាត់រុយ-ស នេះខុសពីដង្កូវហ្វូងព្រោះវាអាចផ្លាស់ទីបាន។
កញ្ញាពន្យល់ថា៖«ដង្កូវហ្វូង…វាអត់មានស្លាបទេ វានៅតែមួយកន្លែង យើងប្រើថ្នាំ ឬមួយក៏ទឹកមកពន្លិចវា..គឺវាងាប់ ប្លែកពីដង្កូវហ្វូងរុយ-សនេះ នៅពេលយើងបាញ់ថ្នាំ វាហោះចេញ ហើយនៅពេលវាហោះទៅកន្លែងផ្សេង អ៊ីចឹងវាចេញពីកន្លែងយើងបាញ់ថ្នាំហ្នឹងវាអត់មកវិញទេ វាមកវិញអត់កើតវានឹងងាប់ ប៉ុន្តែ រុយ-ស ដែលហោះទៅកន្លែងផ្សេងនេះ វានឹងរាតត្បាតកន្លែងផ្សេងទៀត»។
គួរជម្រាបថា រុយ-ស ស្ថិតក្នុងលំដាប់ Hemiptera គ្រួសារ Aleyrodidae គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមានដងខ្លួនស្រទន់ដែលគ្របដណ្ដប់ដោយស្លាបពណ៌-ស។ រុយ-ស បំផ្លាញដំណាំស្រូវមានឈ្មោះវិទ្យាសាស្រ្ត Aleurocybotus indicus David & Subramaniam។
វដ្តជីវិតរបស់រុយ-ស មានរយៈពេល១៧ទៅ២៤ថ្ងៃ ក្នុងរុយ-ស១ក្បាល វាអាចពងបានចន្លោះពី១០០ ទៅ២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ។ សត្វចង្រៃប្រភេទនេះ អាចបំផ្លាញដំណាំស្រូវដោយផ្ទាល់តាមរយៈការជញ្ជក់រុក្ខរសពីស្លឹកស្រូវ (សកម្មខ្លាំងនៅពេលព្រឹក) ធ្វើឱ្យស្លឹកប្រែពណ៌លឿង និងរួញ។ វាបំផ្លាញខ្លាំងលើស្រូវ ក្នុងវគ្គលូតលាស់ (ពិសេសក្នុងដំណាក់សំណាប និងបែកគុម្ព)។ ប្រសិនបើប្រជាករ រុយ-សច្រើន បំផ្លាញស្រូវស្ថិតក្នុងវគ្គបង្កើតផល (ពិសេសដំណាក់កាលចេញកួរ ចេញផ្កា) នោះវានឹងធ្វើឱ្យគ្រាប់ស្រូវស្កកច្រើន។ ចំពោះវិធានការគ្រប់គ្រងនិងកម្ចាត់រុយ-ស ដែលកសិករគួរអនុវត្តរួមមាន៖ ចុះពិនិត្យវត្តមានរុយ-សក្នុងស្រែ យ៉ាងតិច២-៣ដង ក្នុងមួយសប្តាហ៍។ ពេលមានវត្តមានរុយ-សចន្លោះ១០-៤០ក្បាលក្នុង១គុម្ព ប្រើប្រាស់វិធានការគីមីដោយប្រើថ្នាំកសិកម្មបាញ់ថ្នាំនៅពេលព្រឹក ចន្លោះម៉ោង៦:០០-៩:០០។ សម្អាតស្មៅដែលជាជម្រករុយ-ស ទាំងក្នុង និងបរិវេណស្រែ។
ប្រើអន្ទាក់ស្និតពណ៌លឿង ឬពណ៌បៃតងដោតក្នុងស្រែ។ ក្នុងករណីមានប្រជាកររុយ-សតិច ប្រើល្បាយទឹកសាប៊ូដែលមានសាប៊ូម្សៅចំនួន៤ស្លាបព្រា លាយប្រេងឆាចំនួន ៨ស្លាបព្រា និងទឹកចំនួន១០លីត្រ បាញ់នៅពេលព្រឹក ឬល្ងាច។ បាញ់ថ្នាំផ្សំពីរុក្ខជាតិ (ផ្សំស្លឹកទៀប២គក្រ ស្លឹកប្រេងខ្យល់២គក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក១០លីត្រ រួចច្រោះឱ្យស្អាត ហើយបាញ់កន្លែងដែលកើតរុយ-ស)។ ក្នុងករណីត្រូវប្រើប្រាស់ថ្នាំកសិកម្ម ត្រូវជ្រើសរើសថ្នាំកសិកម្មណាដែលមានបញ្ជីការត្រឹមត្រូវ៕