សង្គម

ការដ្ឋានបូមខ្សាច់របស់ថៅកែខា ទី នៅស្រុកបាកានកំពុងបំផ្លាញផ្លូវក្នុងសហគមន៍ដែលស្ថាបនាឡើងដោយថវិកាជាតិ

ខេត្តពោធិ៍សាត់÷ ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិបឹងប្រីយ៍ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្អូញត្អែរអំពីផលលំបាក ក្នុងការធ្វើដំណើរតាមផ្លូវ ដែលត្រូវបានកសាងឡើងដោយមូលនិធិឃុំ ស្ថិតនៅភូមិបឹងប្រីយ៍ មានចំងាយ ២ គីឡូម៉ែត្រ មកទល់និងផ្លូវចូលការដ្ឋានបូមខ្សាច់របស់ លោក ខា ទី ដែលធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សជួបប្រទះនឹងលំបាកធ្វើដំណើរយ៉ាងខ្លាំង។ ផ្លូវនេះខូចខាតដោយសាររថយន្តដឹកខ្សាច់ផ្ទុកទម្ងន់រាប់រយតោនបំផ្លាញផ្លូវ។ បើទោះជា ផ្លូវរងការខូចខាតយ៉ាងណា ក៏ដោយ មិនឃើញអាជ្ញាធរថ្នាក់លើ ដូចជាខេត្តនិងមន្ទីរជំនាញចុះមកមើលនោះឡើយ។

លោកមេភូមិបឹងប្រិយ៍បានឲ្យដឹងថា ពលរដ្ឋរស់នៅក្នុងភូមិរបស់លោកសព្វថ្ងៃនេះ បើពុំមានការចាំបាច់គឺមិនចេញពីផ្ទះឡើយ។ មិនចេញពីផ្ទះ ព្រោះផ្លូវធ្វើដំណើរពិបាកខ្លាំង ដែលផ្លូវនេះជាផ្លូវមូលនិធិឃុំ ត្រូវខូចខាតស្ទើរទាំងស្រុង។ លោកមេភូមិបន្តថា ផ្លូវនេះចំណាយ
ថវិកាជាតិ ដែលរដ្ឋាភិបាលទំលាក់មកឃុំត្រពាំងជង។ ផ្លូវនេះមានចម្ងាយជាង២គីឡូម៉ែត្រ ត្រូវបានបំផ្លាញខ្ទេច ខ្ទីដោយសារទម្ងន់រាប់រយតោន នៃរថយន្តដឹកខ្សាច់របស់លោក ខា ទី។ ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សដែលធ្វើដំណើរ ជួនកាលត្រូវរអិលដួលប្រឡាក់សំលៀក បំពាក់ធ្វើឲ្យខកខាន ដល់ការសិក្សារៀនសូត្រប្រចាំថ្ងៃ។ បើទោះជាយ៉ាងនេះក៏ដោយ គេមិនដែលឃើញអាជ្ញាធរថ្នាក់ខេត្តឬមន្ទីរជំនាញ មកណែនាំឲ្យក្រុមហ៊ុនដឹកខ្សាច់នេះ ធ្វើផ្លូវឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឡើងវិញនោះឡើយ។

ប្រជាពលរដ្ឋក្នុងសហគមន៍ខាងលើនេះនិយាយថា ផ្លូវនេះត្រូវបានកសាងដោយលុយជាតិ ចុះហេតុអ្វីបានជាអាជ្ញាធរបណ្ដោយឲ្យក្រុមឈ្មួញ មកដឹកខ្សាច់បំផ្លាញផ្លូវទៅវិញ។ ប្រជាពលរដ្ឋពួកគាត់ មិនទាន់និយាយដល់បញ្ហាហានិភ័យ ដែលនឹងកើតឡើងពីរណ្ដៅខ្សាច់ខុសបទដ្ឋានបច្ចេកទេសនោះផងទេ។ ដោយសំអាង ទៅលើបញ្ហានៃការមានច្បាប់ ចេញដោយមន្ទីរជំនាញនៅខេត្ត ពោធិ៍សាត់ គេមិនដែលឃើញក្រុមមន្ត្រីស្ថាប័នជំនាញចុះទៅពិនិត្យមើលអំពីដំណើរការបូមខ្សាច់នេះថា តើត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែរឬយ៉ាងណានោះទេ។ បញ្ហាដែលកំពុងកើតឡើងគឺរថយន្តដឹកខ្សាច់កំពុងបំផ្លាញផ្លូវ តើវាត្រឹមត្រូវតាមច្បាប់ទម្លាប់និងបទដ្ឋានបច្ចេកទេសដែលមន្ទីរជំនាញប្រគល់ឲ្យដែរឬទេ?

លោកថៅកែខា ទី បានឲ្យអ្នកសារព័ត៌មានដឹងថា លោកបានជូសជុលផ្លូវ១ខ្សែនេះរហូតដែរ។ ប៉ុន្តែជាក់ស្ដែងអ្នក សារព័ត៌មានបានផ្ដិតយករូបភាព នៅថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៤ ឃើញថា ផ្លូវមានសភាពខួចខាតខ្លាំង។ អ្នក សារព័ត៌មានបានចុះទៅដល់ទីតាំងបូមខ្សាច់ ខាងលើឃើញថា លោក ខា ទី បានបូមខ្សាច់ចេញពីរណ្ដៅដ៏ធំជាប់អូរ,ជាប់ទំនប់ដំណាក់អំពិល និងបូមអូរដែលតភ្ជាប់មកពីបាកាន។ ការដ្ឋានបូមខ្សាច់នេះមានទំហំធំធេងពេកក្រៃហើយនៅជិតៗ ផ្ទះពលរដ្ឋភូមិស្រែល្វា ប្រហែល ២០០ម៉ែត្រប៉ុណ្ណោះ។ រីឯដំណើរការបូមខ្សាច់គឺធ្វើឡើងប២៤ម៉ោងលើ២៤ម៉ោង។ តើអាជ្ញាធរខេត្តពោធិសាត់ យល់ឃើញយ៉ាងណា? មន្ទីរបរិស្ថាន ? មន្ទីរធនធានទឹក ជាពិសេសមន្ទីររ៉ែថាមពល លោកបានកំណត់ឲ្យបើកការដ្ឋានបូមខ្សាច់នៅលើផ្ទៃដីទំហំប៉ុន្មានហិតា ?។

រថយន្តដឹកខ្សាច់ជាច្រើនគ្រឿងមានរថយន្តកង់១០ និងរថយន្តកង់៦កំពុងធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់ពីរណ្ដៅការដ្ឋានយកមកស្តុកទុកលក់នៅលើផ្លូវជាតិយ៉ាងគគ្រឹក គគ្រេងជារៀងរាល់ម៉ោង។ ក្រៅពីបំផ្លាញខ្ទេចខ្ទីរ នៅលើផ្លូវជាតិ ដែលជាមូលនិធិឃុំហើយនោះ រថយន្តដឹកខ្សាច់ទាំងនេះក៏កំពុងបំផ្លាញផ្លូវជាតិនិងផ្លូវដែលកសាងដោយក្រសួងអភិវឌ្ឍន៍នៅឃុំត្រពាំងជង ក្នុងស្រុកបាកានជា ច្រើនកន្លែងទៀត។ ប្រជាពលរដ្ឋរំពឹងថា រដ្ឋបាលខេត្ត ពោធិ៍សាត់ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ពិនិត្យមើលការដ្ឋានបូមខ្សាច់របស់លោកខា ទី ដែលកំពុងបំផ្លាញផ្លូវបង្កការលំបាកដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ខាង លើនេះផង៕