សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅរសៀលថ្ងៃនេះបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ភ្ជាប់នឹងវិសម្ពាធដែលបន្តអូសបន្លាយពីលើកម្ពុជា នឹងធ្វើឲ្យទន្លេមេគង្គនៅភាគខាងលើបន្តឡើងជាលំដាប់ក្នុងរយៈពេលពី ៤ ទៅ៦ថ្ងៃខាងមុខ។
បើតាមការបញ្ជាក់របស់ក្រសួង ការហក់ឡើងនៃទឹកទន្លេមេគង្គភាគខាងលើនេះ នៅមានសភាពទាបជាងកម្រិតកម្ពស់ប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយ តែក្រសួងស្នើឲ្យអាជ្ញាធរដែនដី ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងទន្លេ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕