ខេត្តមណ្ឌលគិរី÷ លោក តែ គឹមសាន មិនញញើតទាល់តែសោះក្នុងការ លួចធ្វើសកម្មភាពជីក ខួង រណ្តៅមាសក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី បើទោះបីជាលោកធ្លាប់ត្រូវបានសមត្ថកិច្ចវាយខ្នោះ រួចម្ដងមកហើយកាលពីប៉ុន្មានឆ្នាំមុន ក្នុងបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងខេត្តមួយនេះ។ ប្រភពបានរាយការណ៍ថានៅពេលនេះក្រោមលេស នៃសហគមន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានលោកតែ គឹមសាន្ត នៅពីក្រោយខ្នងនៃការឆ្មក់ធ្វើសកម្មភាពជាខួង រណ្ដៅ ជាមួយនឹងការប្រើរំសេវ ធំៗបំផ្ទុះនៅក្នុងរណ្តៅនោះទៀតផង។
ប្រជាពលរដ្ឋនិងអ្នកសង្កេតការណ៍ អំពីបញ្ហាបទល្មើសធនធានធម្មជាតិមានចម្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចតុលាការខេត្ត ក៏ដូចជារដ្ឋបាលខេត្តមណ្ឌលគិរី ធ្វើមិន ដឹងហើយនៅតែបណ្ដោយឲ្យបុគ្គលម្នាក់ដែលល្បី ខាងបំផ្លិចបំផ្លាញបទល្មើសរ៉ែ នៅតែបន្តធ្វើសកម្មភាពយ៉ាងដូច្នេះ?កាលប៉ុន្មានខែមុន មន្ត្រីនៃរដ្ឋបាលខេត្តក៏ធ្លាប់បានចុះទៅដល់ទីតាំងរណ្ដៅខួងរុករករ៉េមាស របស់ឈ្មួញ តែ គឹមសាន្ត នៅចុងផ្លាស់នោះដែរ ហើយបាន ឃើញអំពីបទល្មើសពិតប្រាកដ។ ប៉ុន្តែនៅតែមិនអាចចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលនេះនោះឡើយ។ប្រការនេះនាំឲ្យក្រុមអ្នកសង្កេតការណ៍ មានចម្ងល់អំពីការដែលសមត្ថកិច្ចរដ្ឋបាលខេត្ត ក៏ដូចជាតុលាការខេត្តមិនអាចចាត់វិធានការតាមផ្លូវច្បាប់ណាមួយ ចំពោះបុគ្គលតែ គឹមសាន្ត ដែលអាងស្បែកជាមន្ត្រីកងទ័ពផងនោះ។
ប្រភពពីក្រុមអ្នកសង្កេតការណ៍ អំពីបទល្មើសធនធានធម្មជាតិបានឲ្យដឹងថា ឈ្មួញមុខដដែលៗធ្វើសកម្មភាព នៅទីតាំងដដែលៗក្នុងស្រុកកែវសីមា ជីកកកាយធ្វើរណ្ដៅរកមាស។ ប្រភពបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាននិងថៅកែរណ្ដៅរ៉ែធ្វើយ៉ាងណាឲ្យស្ងាត់ស្ងៀមកុំឲ្យបែក ធ្លាយដូចពេលមុនៗ។ ប្រភពថា ទាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន និងម្ចាស់រណ្ដៅរ៉ែបានព្យាយាមលាក់បាំងអស់រយៈពេលជិត១ខែមកហើយ។ ប៉ុន្តែឥឡូវនេះ វាចាប់ផ្ដើមល្បីបន្តិចម្ដងៗហើយ។ រដ្ឋបាលខេត្តត្រូវគេខ្សិបថា បាន ដឹងដែរប៉ុន្តែមិនមានចំណាត់ការនៅឡើយ។ ភាពស្ងៀម ស្ងាត់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ចំពោះករណីអណ្ដូង រ៉ែមាសនៅភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមានេះធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍ជាមួយឈ្មួញបំពានច្បាប់នេះ។
ប្រភពបានឱ្យដឹងថា ឈ្មោះ តែ គឹមសាន ជាអ្នករត់ការសម្របសម្រួលនិងប្រតិបត្តិការនៅនឹងកន្លែងផ្ទាល់ ឬអាចនិយាយបានម្យ៉ាងទៀតថា លោកជារណ្ដៅរ៉ែមាសខុសច្បាប់នៅចុងផ្លាស់នោះ។ ប្រភពខ្សិបថា អណ្ដូងរ៉ែដែលអាចធ្វើសកម្មភាពបានដោយសារការបើកភ្លើងខៀវពីថ្នាក់ដឹកនាំតាមមន្ទីរជំនាញនៅក្នុងខេត្តរួចហើយ។ បើតាមប្រភពមើលទៅហាក់ដូចជាសមរម្យដែរ ពីព្រោះមក ដល់ពេលនេះរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជាស្រុកកែវ សីមា ហាក់មិនឃើញចំពោះសកម្មភាពល្មើសច្បាប់របស់ពួកលោកតែ គឹមសាន្ត នោះឡើយ។
ឆ្លើយតបនឹងបញ្ហានេះលោក តែ គឹមសាន បដិសេធថាមិនមានសកម្មភាពធ្វើរណ្ដៅរ៉ែមាសនោះឡើយ។ លោកថា សហគមន៍នៅតំបន់នោះកំពុងសុំច្បាប់ដើម្បីធ្វើការ ងារនេះ។ វាជាការងារកំប៉ិកកំប៉ុក របស់ប្រជាពលរដ្ឋនៅ ក្នុងសហគមន៍។
គួរបញ្ជាក់ថា ទីតាំងខាងលើធ្លាប់ត្រូវបានគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវលោកតែ គឹមសាន លួចដំណើរការសារជាថ្មី ដែលករណីនេះក្រុមអ្នករត់ការខាងលើ ចាត់ ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។ ប្រភពបានឲ្យដឹងថា ពួកឈ្មួញលួចធ្វើសកម្មភាព ហាក់ដូចជាមានការប្រុងប្រយ័ត្នជាងមុន ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋឬអ្នកប្លែកមុខចេញ ចូលដោយសេរីដូចលើកមុនៗនោះឡើយ។ យ៉ាងណាក៏ ដោយក្នុងរយៈពេលជិត១ខែមក នេះពួកគេ ក៏មិនសូវបានធ្វើសកម្មភាពពេញលេញប៉ុន្មានដែរ ដោយចេះតែខ្លាចមុខ ខ្លាចក្រោយ បើទោះបី ជាបានចំណាយទៅឲ្យស្ថាប័នជំនាញក្នុងខេត្តរួចហើយក៏ដោយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299