ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើសំណើផ្អាកមុខតំណែង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប៉ៃលិន

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់កងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស ចេញផ្សាយ​នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៤នេះ បាន​ឱ្យដឹងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសំណើរ​ទៅ​អគ្គ​បញ្ជា​ការ​ដ្ឋាន នៃកង​យោធពលខេមរភូមិន្ទ ដើម្បីផ្អាក​មុខ​តំណែងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រោយ​ពីមានករណីជម្លោះរវាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិនរូបនេះ ជាមួយឈ្មោះ ហួ ទ្រី ជាអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ជុំវិញករណីនេះថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅផងដែរ។ ក្រោយពីស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្ទដូចខាងក្រោម ៖

១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោមតាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា “មុននឹងដាក់ទណ្ឌកម្មតាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។”