សង្គម

លោកតាន់ គឹមសួរ សង្ស័យប្រធានការិយាល័យឧទ្យាន ជាតិភ្នំក្រវ៉ាញ់ ពាក់ព័ន្ធជាមួយឈ្មួញតាហយក្នុងបទ ល្មើសព្រៃឈើ

ខេត្តពោធិ៍សាត់÷ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលមាន ឈ្មោះ Tan kimsour បានរៀបរាប់អំពីបញ្ហាបទល្មើសព្រៃឈើនៅតំបន់ឧទ្យានជាតិភ្នំក្រវាញ ដែលលោកដាក់ការសង្ស័យមានពាក់ព័ន្ធនឹងលោកប្រធានការិយាល័យឧទ្យានជាតិភ្នំក្រវាញនោះផង។ រឿងដែលរំជើបរំជួលកាលពីប៉ុន្មានថ្ងៃ មុនគ្រាដែលសមត្ថកិច្ចចុះបង្ក្រាបចាប់ឈើរបស់ឈ្មួញឈ្មោះតាហយ ដែលរកឃើញឈើជា ច្រើននៅក្នុងដែនឧទ្យានជាតិភ្នំក្រវាញ។ ឧទ្យានជាតិភ្នំក្រវាញ ត្រូវបានគ្រប់គ្រងដោយប្រធានការិយាល័យឧទ្យានជាតិភ្នំក្រវាញរបស់លោក រី ភារម្យ ដែលប្រភពខ្សឹបខ្សៀវថា លោករី ភារម្យ គឺជាបេក្ខជនប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ក្នុងរឿងនេះលោកតាន់ គឹមសួរបានសរសេរដោយសួរទៅលោករី ភារម្យ យ៉ាងនេះថា

អត់ទោស ! លោក(រី ភារម្យ)គឺជាប្រធានការិយាល័យឧទ្យានជាតិភ្នំក្រវ៉ាញ់ និងជាបេក្ខភាពប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មែនដែរឬទេ? ហេតុអ្វីបានជារក្សាភាពស្ងាត់ស្ងៀមបានម្ល៉េស ធ្វើដូចគ្មានរឿងអ្វីកើត ឡើងបន្តិចទាល់តែសោះ។ តើលោកមានដឹងអំពីករណីតាហយ ដែលត្រូវបានចុះបង្ក្រាបថ្មីៗនេះនៅតំបន់របស់លោកដែរឬទេ? ខ្ញុំជឿជាក់ថា លោកមិនត្រឹមតែដឹងអំពីការចុះបង្ក្រាបនោះទេ តែលោកថែមទាំងដឹងច្បាស់អំពីក្រដាសតាស្រម៉ូមរបស់តាហយទៅទៀត ! មិនអ៉ីចឹងអី? តិចឆ្លើយថា លោកមិនមានការពាក់ព័ន្ធជាមួយនឹងករណីរបស់តាហយ និងករណីបទល្មើសជាច្រើនពាន់ករណីដែលកំពុងតែមានកើតមាននៅតំបន់ដែលលោកគ្រប់គ្រងចុះ! បើមិនមានការពាក់ព័ន្ធមែន មានតែលោកជាមេដែលគ្មានសមត្ថភាព ឬគ្មានដឹងខ្យល់ស្អីទាល់តែ សោះ ដេកចាំស៉ីប្រាក់ខែរដ្ឋ បានជាតាហយ អាចធ្វើព្យុះធ្វើភ្លៀងបំផ្លាញជិតអស់ព្រៃនៅតំបន់ ដែលលោកកាន់ កាប់ដោយសេរីបែបនេះ។

លោកតាន់ គឹមសួរ ចោទជាសំណួរថា តើលោកស័ក្ដិ សមជាបេក្ខភាពជាប្រធានបរិស្ថានខេត្តដែរឬទេ បើសូម្បីតែតំបន់តូចមួយលោកគ្មានសមត្ថភាពក្នុងការ គ្រប់គ្រងផង ចុះទម្រាំខេត្តទាំងមូល? តើមហាជននឹងយល់ឃើញយ៉ាងណាដែរ បើលោកក្លាយជាមេបរិស្ថានខេត្ត? ខ្ញុំពិតជាមិនហ៊ានស្រមៃទេថានឹងបន្តមានវិនាស កម្មភាពឈើកាន់តែធ្ងន់ធ្ងរកម្រិតណាទៀត នៅពេលដែលមន្ត្រីដែលគ្មានសមត្ថភាពដូចលោកត្រូវបានជ្រើស តាំងមេបរិស្ថានខេត្តនោះ។

លោកតាន់ គឹមសួរ បានសរសេរទៀតថា ឃើញទេ ភាពស្ងៀមស្ងាត់របស់លោកមិនអាចឲ្យលោកគេចផុតទេ។ មហាជន និងច្បាប់មិនអនុញ្ញាតឲ្យលោករួចខ្លួនដាច់ ខាត។ បើខ្ញុំជាលោកវិញ ខ្ញុំសុំលាលែងពីតំណែងបាត់ទៅហើយ។

ចុងក្រោយក្នុងនាមជាប្រជាសមាគមយុវជនស្រលាញ់ធម្មជាតិ សូមគោរពស្នើសុំទៅលោកបណ្ឌិត អ៊ាង
សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន និងលោកខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់មេត្តាពិចារណាឡើងវិញអំពីការជ្រើសតាំងលោករី ភារម្យនេះជាបេក្ខភាពប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីរឿងរ៉ាវមិនប្រក្រតីមួយ ចំនួនរបស់លោករី ភារម្យ នេះ។

គួរបញ្ជាក់ថា ថ្មីៗនេះសមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានបើកប្រតិបត្តិការបង្ក្រាបស្រាវជ្រាវបទល្មើសរបស់តាហយដោយប្រមូលបានឈើច្រើនជាង៥០ម៉ម៉ែត្រគីបពីបណ្ដាទីតាំងចំនួនបីកន្លែង នៅក្នុងស្រុកក្រគរ។ ឈើដែលមានមុខកាត់ធំៗទាំងនោះត្រូវគេសង្ស័យថាបានមកពីតំបន់ឧទ្យានជាតិភ្នំក្រវាញ៕

ដោយ:សុិន ខ្វាន់ឆា
ទម្លាក់ទំនងព័ត៌មាន:010840732/061881299