សង្គម

ផ្ទះលក់ថ្នាំពេទ្យ និង វេរលុយ យីហោហេង សុខផេង អាងខ្នងបង្អែក បានជាសាងសង់រំលោភយកដីចំណីផ្លូវអាជ្ញាធរហាក់គ្មានចំណាត់ការសោះ

ខេត្តកំពង់ស្ពឺ÷ ទីតាំងផ្ទះលក់ថ្នាំពេទ្យ និងវេរលុយមួយកន្លែងយីហោ ហេង សុខផេង បានសាងសង់លយចេញមកខាងមុខដែលជាដីផ្លូវចំណីសាធារណៈ ហើយមិនត្រូវបានអាជ្ញាធរនិងជំនាញអើពើទប់ស្កាត់ហាមឃាត់ឬរុះរើសោះឡើយ សង្ស័យមានខ្នងបង្អែកធំហើយមើលទៅ។ការសាងសង់តូបរបស់ម្ចាស់ផ្ទះលក់ថ្នាំពេទ្យនិងវេលុយខាងលើស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅខាងជើងរង្វង់មូលដើមលាភផ្សារកំពង់ស្ពឺតែម្ដង។ ពាក់ព័ន្ធនឹងការសាងសង់តូបរំលោភលើដីសាធារណៈបែបនេះមិនត្រូវបានអស់លោកជំនាញសង្កាត់ប្រធានផ្សារ ក្រុងច្បារមន ក៏ដូចជាមន្ត្រីសាធារណការដែលជាអ្នកគ្រប់គ្រងដីសាធារណៈរបស់រដ្ឋទប់ស្កាត់នោះឡើយ ។

ប្រភពបានឲ្យដឹងថា ការសាងសង់តូបលយមកខាងមុខគឺក្រោយពីម្ចាស់ផ្ទះវេលុយ យីហោហេង សុខផេង និងលក់ថ្នាំពេទ្យក្រុងច្បារមនខាងលើជួលផ្ទះដែលនៅជាប់ផ្ទះរបស់ខ្លួនបានហើយក៏សង់បែបនេះតែម្ដង។ ទោះជា យ៉ាងណាប្រជាពលរដ្ឋស្នើឲ្យ អាជ្ញាធរសង្កាត់,ក្រុងច្បារមន,ប្រធានផ្សារ ក៏ដូចជាជំនាញសាធារណការដែលជាអ្នកគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ ទប់ស្កាត់កុំឲ្យមានការសង់បែបអាណាធិបតេយ្យយ៉ាងនេះ ព្រោះមើលទៅប៉ះពាល់សោភណភាពយ៉ាងខ្លាំង នៅទីតាំងខាងលើ ជាពិសេសលោកអភិបាលក្រុងច្បារមនគួរតែចាត់ជំនាញចុះទៅត្រួតពិនិត្យទីតាំងខាងលើនិងផ្ទៀង ផ្ទាត់លើឯកសារថា តើអ្នកណាជាអ្នកអនុញ្ញាតឲ្យមាន ការសាងសង់បែបនេះ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ អ្នកព័ត៌មានបានចុះទៅដល់ទីតាំងខាងលើនិង មើលឃើញផ្ទាល់ភ្នែកគឺផ្ទះដទៃៗទៀតមិនបានសង់លយមកខាងមុខដូចគេផ្ទះវីងនិងលក់ថ្នាំពេទ្យនេះទេ។ ដើម្បីសោភណភាពនិងជៀសវាងមានការរិះគន់អាជ្ញាធរថា អសមត្ថភាពក្នុងការគ្រប់គ្រងគួរណាស់តែអាជ្ញាធរសង្កាត់ ក៏ដូចជាក្រុងច្បារមន ចាត់វិធានការឲ្យម្ចាស់ផ្ទះវេលុយវីងយីហោហេងសុខហេង ក៏ដូចជាកន្លែងលក់ថ្នាំពេទ្យយីហោក្រុងច្បារមន ខាងលើរុះរើ តូបដែលសាងសង់នោះចេញវិញទើប ជាការប្រសើរ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗកន្លងទៅអាជ្ញាធរក្រុងច្បារមនបានធ្វើការរុះរើតូបដែលសង់រំលោភមកលើផ្លូវសាធារណៈរបស់រដ្ឋពីសំណាក់ម្ចាស់ផ្ទះលក់ថ្នាំពេទ្យមួយកន្លែងនៅជិតផ្សារកំពង់ស្ពឺនេះចេញដោយជោគ ជ័យ។ តើហេតុអ្វី ពេលនេះបានជាបណ្តែតបណ្ដោយឲ្យម្ចាស់ផ្ទះវីងនិងលក់ថ្នាំពេទ្យខាងលើសង់បានតាមតែអំពើចិត្តបែបនេះទៅវិញ។

មហាជនបានលើកឡើងជាសំណួរផងដែរថា ទំនងជាអស់លោកអាជ្ញាធរសង្កាត់ក៏ដូចជាក្រុងត្រូវថ្នាំ ងងុយ ដេករបស់ម្ចាស់ទីតាំងខាងលើអស់ហើយ បានជាបើកភ្នែកមិនរួចមើលមិនឃើញគេសង់តូបបែបនេះ។ ពាក់ព័ន្ឋនឹងការសង់តូបលយចូលដីសាធារណ:នេះដែរអ្នកយកពត៌មានមិនអាចសុំការពន្យល់បកស្រាយពីអាជ្ញាធរសង្កាត់-ក្រុងក៏ដូចជាជំនាញពាក់ព័ន្ឋបានឡើយ៕