សង្គម

អនុវិទ្យាល័យសាមគ្គី ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងកំពុងប្រឈមហានិភ័យដោយរណ្ដៅដីជ្រៅៗក្រឡឹងជុំវិញ

ខេត្តបាត់ដំបង÷ សាលារៀនមួយកន្លែងស្ថិតនៅក្នុងឃុំស៊ុង ស្រុកសំឡូតខេត្តបាត់ដំបងកំពុងប្រឈមនិងហានិភ័យខ្លាំង ព្រោះតែការជីករណ្ដៅដី របស់ពួកឈ្មួញក្រឡឹងព័ទ្ធជុំវិញសាលា រៀននិងវត្ត ស្របពេលដែលអាជ្ញាធរមានសមត្ថកិច្ចមិនអើពើចំពោះបញ្ហានេះ។ ប្រជាពលរដ្ឋ ព្រួយបារម្ភចំពោះបញ្ហាដែលកំពុងកើតឡើង រីឯអាជ្ញាធរមូលដ្ឋានហាក់ ដូចជាមិនខ្វល់ចំពោះរណ្ដៅដីដែលកាន់តែជ្រៅឡើងៗ នៅជុំវិញសាលារៀននោះឡើយ។

ប្រភពព័ត៌មានបានរាយការណ៍ថា រណ្ដៅដីនេះស្ថិតនៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងពេលនេះមានក្រុមឈ្មួញកំពុងធ្វើសកម្មភាព ជីកយកអាចម៍ដី ជុំវិញនិងក្រោយសាលារៀនដោយគ្មានអើពើពីអាជ្ញាធរណាបន្តិចសោះដោយមានជម្រៅ៥ទៅ៦ម៉ែត្រ។រណ្ដៅដីនេះត្រូវគេប្រាប់ថា មិនមែនទើបតែជីក ក្នុងរយៈ ពេលខ្លីនោះឡើយពោល គឺគេធ្វើសកម្មភាពជីករាប់ឆ្នាំមកហើយ។ រីឯផលប្រយោជន៍ ដែលបានមកពីរណ្ដៅដីសម្រាប់សហគមន៍ឃុំស៊ុង មិនឃើញមានអ្វីទាល់តែ សោះ។ ប្រជាពលរដ្ឋសង្ស័យថា ផលប្រយោជន៍ដែលបានពីរណ្ដៅដីជ្រៅៗខុសច្បាប់ទាំងនេះ ទំនងបានទៅ លើចៅហ្វាយស្រុកសំឡូតនោះឯង។

ប្រជាពលរដ្ឋដាក់ការព្រួយបារម្ភ ចំពោះបញ្ហារណ្ដៅដីដែលនៅជិតសាលារៀន ទី១ដែលប្រឈមនឹងហានិភ័យទៅថ្ងៃអនាគតនិងទី២បញ្ហារណ្តៅដី ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ក្មេងៗនៅរៀនទីនោះ។ រណ្តៅដីដ៏ជ្រៅនេះ វានឹងក្លាយជាស្រះ ឬត្រពាំងដែលមានជម្រៅជ្រៅ បង្កឲ្យគ្រោះថ្នាក់ដល់ក្មេងៗសិស្សសាលាដែលទៅលេងក្បែរខាង។ បច្ចុប្បន្នស្ថានភាពគ្រោះថ្នាក់មួយគឺប្រឈមនឹងការ រលំបាក់និងសាលារៀនដែលនៅជិតរណ្ដៅដីនោះ។ប្រជាពលរដ្ឋនិយាយថា ពួកគាត់ធ្លាប់បានសំណូមពរទៅអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកពិនិត្យអំពីបញ្ហាឈ្មួញជីកកកាយយកអាចដី ដែលបណ្ដាលឲ្យក្លាយទៅជារណ្ដៅជ្រៅៗនោះដែរ។ ប៉ុន្តែហាក់ដូចជា គ្មាននរណាដែលជាអាជ្ញាធរ យកចិត្តទុកដាក់ចំពោះសេចក្តីព្រួយ បារម្ភរបស់ប្រជាពលរដ្ឋនោះឡើយ។

បើនិយាយចំពោះពួកអ្នកបើកឡានដឹកដី ថ្មនិងគ្រឿង ចក្រ ដែលកំពុងធ្វើសកម្មភាពទាំងនោះគឺមានលក្ខណៈកាចសាហាវយ៉ាងខ្លាំង។ អ្នកភូមិមិនអាចសួរនាំអំពីបញ្ហានៃការជីករណ្តៅដីនៅទីនោះបានឡើយ។ ពួកគេប្រដាប់ ដោយពូថៅ,កាំបិតនិងគ្រឿង សម្រាប់ជួសជុលរថយន្តជាច្រើនដែលអាចបង្កឲ្យប្រជាពលរដ្ឋភ័យខ្លាច។ អ្នក ភូមិនិយាយថា បើទោះបីជាប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងណាក៏ដោយ គេមិនដែលឃើញអភិបាលស្រុកសំឡូត លោកសើ សាម៉េត ចុះមកមើលការព្រួយបារម្ភរបស់អ្នកភូមិនោះឡើយ។

លោក សើ សាម៉េតអភិបាលស្រុកសំឡូតអះអាងថានឹងបញ្ជូនក្រុមការងារឲ្យទៅចុះមើលសកម្មភាពជីកកកាយយកអាចម៍ដីនោះ។ ប៉ុន្តែមិនដឹងថា តើថ្ងៃណាក្រុមការ ងាររបស់រដ្ឋបាលស្រុកសំឡូត ចុះមកដល់ទីតាំងដែលពួកឈ្មួញកំពុងជីកកកាយ យ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃនេះទេ។

អ្នកភូមិនិយាយថា សកម្មភាពជីករណ្ដៅការយកអាចម៍ ដីនេះទំនងជាគ្មានច្បាប់ទម្លាប់អ្វីឡើយ។ គឺអាចជាការឃុបឃិតគ្នារវាងអាជ្ញាធរស្រុកជាមួយនឹងពួកឈ្មួញយកអាចម៍ដីទៅលក់យកលុយចែកគ្នាតែប៉ុណ្ណោះ។ ដូច្នេះសូមលោកសុខ លូ អភិបាលខេត្តបាត់ដំបង ចាត់មន្ត្រីជំនាញចុះពិនិត្យមើលឲ្យបានច្បាស់លាស់ផងពីព្រោះប្រជាពលរដ្ឋមិនកក់ក្តៅឡើយ។ ជាងនេះទៅទៀតបញ្ហាដួលរលំវត្តនិងសាលារៀនក៏កំពុងជាសេចក្តីបារម្ភរបស់ប្រជាពលរដ្ឋនៅទីនោះផងដែរ៕