(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយចេញនូវព័ត៌មានសំខាន់ៗ ដើម្បីឆ្លើយតបប្រាប់ទៅកាន់លោក David Hutt អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ឲ្យដឹងថា សម្តេចបានធ្វើការជាមួយមេដឹកនាំ CIA តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ នេះបើយោងតាមសារសម្តេចតេជោ បង្ហោះនៅលើបណ្តាញសង្គមនារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចតេជោបានសរសេរថា÷
បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។
ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ដេវីត ហួត (David Hutt) សរសេរផ្សាយនៅលើកាសែត The Diplomat ថា លោក Bill Burns នាយក CIA មិនបានជួបជាមួយ លោក ហ៊ុន សែន ទេ ដូចដែលខ្ញុំបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុន ដែលខ្ញុំបាននិយាយទៅកាន់អគ្គនាយក CIA កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
តាមអ្វីដែលលោក Hutt លើកឡើងសំដៅថា ខ្ញុំភ័ន្តច្រឡំ។ ខ្ញុំគួរតែនិយាយដោយចំហរថា ខ្ញុំបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។
ជំនួបដែលសំខាន់គឺនាយកចារកម្មជាតិ (National Intelligence) លោក James Clapper ជួបឆ្នាំ២០១១ នៅផ្ទះរាជធានីភ្នំពេញ។
ឆ្នាំ២០១២ ជួបជាមួយ នាយក CIA លោក David Patraeus នៅផ្ទះរាជធានីភ្នំពេញ និងជំនួបចុងក្រោយជាមួយនាយក CIA លោក Bill Burns ឆ្នាំ២០២៤ នៅផ្ទះទីក្រុងតាខ្មៅ។
ករណីមិនមានការជួបគ្នាផ្ទាល់ ខ្ញុំក៏បញ្ជូនតំណាងរបស់ខ្ញុំទៅជួបថ្នាក់ដឹកនាំ CIA នៅទីក្រុងវ៉ាស៉ីនតោន រាប់ទាំងលោក Mike Pompeo ដែលក្រោយមកក្លាយជារដ្ឋមន្ត្រីការបរទេសរបស់អាមេរិក ជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ។
កិច្ចសហការសំខាន់របស់យើង គឺប្រឆាំងភេវរកម្ម ដែលមិនមែនជាកិច្ចសហការប្រឆាំងប្រទេសមួយណាឡើយ។ កម្ពុជាក៏មានកិច្ចសហការផ្នែកចារកម្មជាមួយប្រទេសផ្សេងទៀត ព្រោះនេះជាដំណើរធម្មតានៃរដ្ឋមួយដែលមានអធិបតេយ្យភាព។ ឃើញទឹកស្ងប់កុំគិតថា ក្នុងទឹកគ្មានត្រី។ ពេល ហ៊ុន សែន មិននិយាយកុំគិតថា ហ៊ុន សែន មិនចេះនិយាយ៕