ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា តូនាទីរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសេនាធិការឱ្យក្រសួងព័ត៌មាន និងជាសេនាធិការឱ្យគណៈបញ្ជាការរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការក្តាប់ព័ត៌មាន និងឆ្លើយតបទៅនឹងព័ត៌មានផ្សេងៗដែលកើតមានឡើងក្នុងរាជធានីភ្នំពេញ ។ ការថ្លែងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានរាជធានីភ្នំពេញ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្ន សម័យ ឌីជីថល សំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន ។ ដូច្នេះហើយ ទើបក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័ន ទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវតែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា ក្រសួងព័ត៌មានក៏បានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាន បានផ្តោតសំខាន់លើការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ព័ត៌មានដែលមានគុណភាព និងសុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន ដែលមានភាពត្រឹមត្រូវ ពិតប្រាកដ មិនបំពុល។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា នៅក្នុងអាណត្តិទី ៧ នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ២០២៤ គឺជាឆ្នាំដែលត្រូវចាប់ហ្វ្រាំង ដើម្បីវាយតម្លៃអំពីខ្លួនឯង ហើយបន្តទៅមុខទៀតប្រកប ដោយការធានាប្រសិទ្ធភាព ។ ដូច្នេះហើយ ការធានាបាននូវនិរន្តភាពការងារ អនុវត្តន៍នូវគោលនយោបាយដែលបានដាក់ចុះ គឺយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់ កាលទី១ ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ជាមួយគ្នានេះលោករដ្ឋមន្រ្ដីបានមានប្រសាសន៍កោត សរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដែលបានខិតខំបំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវ ហើយជំរុញឱ្យបន្តពង្រឹងសមត្ថភាព ចំណេះជំនាញក្នុងការបំពេញការងារប្រកប ដោយសមត្ថភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីសម្របទៅនឹងការវិវត្ដនៃបច្ចេកវិទ្យា និងភាពស្រួចស្រាលនៅក្នុងការប្រកួតប្រជែងផ្នែកព័ត៌មាន។
ក្នុងឱកាសនោះដែរលោកកើត ឆែ អភិបាលរង និងជាតំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា កត្តាធនធានមនុស្សគឺមានសារៈសំខាន់ដើម្បីបំពេញកិច្ចការងារ ដែលទាម ទារឱ្យមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីអនុវត្តន៍ការងារតាមផ្នែក និងជំនាញនីមួយៗ ជាការឆ្លើយទៅនឹងស្ថានភាពនៃការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ ជាពិសេសរួមគ្នាសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល បានដាក់ចេញ ។ លោកអភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានលើកឡើងថា ការងារព័ត៌មានគឺមានសារៈសំខាន់ណាស់ នៅលើពិភពលោកគេបានចាយលុយច្រើនណាស់លើការងារព័ត៌មាន ហើយក្នុងជីវិតប្រចាំថ្ងៃរបស់យើងគឺមិនអាចខ្វះព័ត៌មានបាននោះទេ ។
លោកអភិបាលរងបន្ថែមថា មន្ទីរព័ត៌មាន គឺមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានដល់សាធារណជនទូទៅ ដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរឱ្យមានភាពទាក់ទាញ ហើយព្រឹត្តការណ៍ដែលកើតឡើងនោះគួរដាក់ផ្សាយឬអត់ តើផ្តល់ផល ប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គម ហើយអ្នក សារព័ត៌មាន ក៏មានតូនាទីក្នុងការចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ ៕