សង្គម

កប៉ាល់ដឹកកុងតឺន័រ១គ្រឿងដឹកទំនិញពីថៃមកកម្ពុជា បានលិចចូលទៅក្នុងសមុទ្រខេត្តកោះកុង

កោះកុង ៖ កប៉ាល់ដឹកកុងតឺន័រ១គ្រឿង ដែលដឹកទំនិញពីប្រទេសថៃសំដៅមកប្រទេសកម្ពុជា បានលិចចូលទៅក្នុងសមុទ្រខេត្តកោះកុងនិងមនុស្ស១០នាក់ ជាជនជាតិថៃ នៅក្នុងកប៉ាល់ ត្រូវបានប្រជានេសាទជួយសង្គ្រោះជីវិតបានទាន់ពេលវេលា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កប៉ាល់ដឹកទំនិញផ្ទុកកុងតឺនរ័១គ្រឿង ឈ្មោះ CHIANG LAAN សញ្ជាតិថៃ បានរងការលិចក្នុងសមុទ្រ ខណៈបានជួបខ្យល់រលកធំ ស្ថិតនៅចន្លោះកោះវ៉ាង និងកោះម្នាស់ ក្នុងខេត្តកោះកុង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៩ មិថុនា ២០២៤ ។ កប៉ាល់ដែលរងការលិចនោះ មានបណ្ដោយ ៤៩ម៉ែត្រ ទទឹង ១៥ម៉ែត្រជម្រៅទឹកជាង ៣ម៉ែត្រ មានដឹកកុងតឺន័រដែលមានផ្ទុកទំនិញនិងមនុស្ស១០នាក់ ជាជនជាតិថៃ។

ជនរងគ្រោះនៅលើកប៉ាល់ដែលលិចនោះ ត្រូវបានត្រូវបានប្រជានេសាទ ដែលនៅក្បែរកន្លែងកើតហេតុបានស្រង់ចេញពីក្នុងសមុទ្រ និងជួយសង្គ្រោះបឋមបានទាន់ពេលវេលា ។ ជនរងគ្រោះត្រូវបាននាំមកកាន់ដី គោកក្រុងព្រះសីហនុ ដោយមានការសហការពីពលរដ្ឋអ្នកនេសាទ រួមនិងការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហ សមុទ្រ នគរបាលព្រំដែនទឹកនិងសមត្ថកិច្ចចំរុះ,អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមសង្គ្រោះស្មគ្រ័ចិត្តរបស់អ្នកឧកញ៉ា ទៀ វិចិត្រ តាមអូរប័រល្បឿនលឿន ដោយសុវត្ថិភាព មិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ។

អភិបាលរងខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បាន ឲ្យដឹងថា ក្រោយទទួលបានដំណឹងនេះពីប្រជានេសាទ បានចាត់ក្រុមការងារអាជ្ញាធររដ្ឋបាលខេត្ត និងសមត្ថកិច្ចចំរុះចុះធ្វើប្រតិបត្តិការភ្លាមៗផងដែរ ។ ពេលនាំជនរង គ្រោះមកដល់ដីគោក រដ្ឋបាលខេត្ត និងខាងកំពង់ផែ
ស្វយត័ក្រុងព្រះសីហនុ បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង ១០រូប ទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅ និងផ្តល់ម្ហូបអាហារដោយមនុស្សធម៌ផងដែរ។

បុរសជាអ្នកបើកបរកប៉ាល់ដឹកទំនិញថៃ ដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជា និងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕