សង្គម

“ចែលី” មេឆ្នោតយួនម៉ៅផ្ដាច់នៅខណ្ឌ៧មករាកំពុងប្រមូលលុយ១ថ្ងៃៗ រាប់សិបលានរៀល ដោយមិនរំខានសមត្ថកិច្ចដ៏ឧត្តុងឧត្តម

ភ្នំពេញ ៖ អ្នកកត់ឆ្នោតនៅតាមដឿនហែម,តាមផ្សារ.. នៅក្នុងភូមិសាស្ត្រនៃខណ្ឌ៧មករា គឺជាកូនកញ្ច្រែងរបស់ចែលី ដែលក្នុង១ថ្ងៃៗចែលីប្រមូលលុយច្រកបាវ បានយ៉ាងស្រួល។ រីឯសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌ៧ មករា មិនមានប្រតិកម្មអ្វីទាំងអស់ ពោលគឺនៅស្ងៀម សូន្យឈឹងតែម្ដង។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ និងសមត្ថកិច្ចធ្វើឲ្យប្រជាពលរដ្ឋចេះទៅឆ្ងល់។

វាជាការពិតបើទោះបីជាមានការហាមឃាត់,មិនអោយមានទីតាំងល្បែងស៊ីសង ជាពិសេសឆ្នោតវៀតណាម ពីប្រមុខរាជរដ្ឋាភិបាលក៏ដោយ ក៏ទីតាំងកត់ឆ្នោតកន្ទុយ លេខយួន របស់ “ចែលី” ដែលគេស្គាល់មេឆ្នោតដ៏ធំ ប្រចាំខណ្ឌ៧មករា នៅតែបើកលេង និងកត់បានយ៉ាងរលូនដោយមិនរំខានអ្វីដល់ សមត្ថកិច្ចនោះទេ។ គេអាចដំណើរការបានទៅយ៉ាងដូចម្ដេច? នៅគ្រាដែលច្បាប់របស់ប្រទេសនេះមិនអនុញ្ញាតឲ្យមានល្បែងស៊ីសង។ តើអាជ្ញាធរនិងសមត្ថកិច្ចគ្រប់បណ្ដាប៉ុស្តិ៍ និងអធិការនគរបាលខណ្ឌ៧មករា មើលមិនឃើញទីតាំងកត់កន្ទុយលេខរបស់ចែលី យ៉ាងដូចម្ដេច?

នៅក្នុងខណ្ឌ៧ មករាបញ្ហាល្បែងស៊ីសងកំពុងវាយលុកយ៉ាងសម្បើម ជាពិសេសល្បែងឆ្នោតយួនរបស់ចៅលីបានកំពុងរាយគ្រប់ច្រកល្ហក នៅក្នុងភូមិសាស្ត្រខណ្ឌ៧ មករា ។ ប្រជាពលរដ្ឋដែលនិយមចូលចិត្តចាក់ឆ្នោតយួនសប្បាយរីករាយ តាមរយៈការផ្ដល់ឱកាសរបស់អាជ្ញាធរឱ្យចែលីគ្រប់គ្រងទាំងស្រុងចំពោះបញ្ហាឆ្នោតយួននេះ។

គេអាចនិយាយបានថា រដ្ឋបាលខណ្ឌ៧មករា ក៏ដូចជាសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ពិតជាបានផ្ដល់ឱកាស នៃភាពរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងពិតប្រាកដ៕