ខេត្តកំពង់ធំ៖ ទូកចម្លង១គ្រឿងដែលដឹកកូនសិស្ស បានលិចនៅក្នុងស្ទឹងសែន ពេលដែលពួកគេកំពុងឆ្លងចេញ ពីសាលាទៅផ្ទះ បណ្តាលឲ្យស្លាប់សិស្សស្រីម្នាក់អាយុ ១៣ឆ្នាំ និងកូនសិស្សផ្សេងទៀតហែលរួចខ្លួន កាលពីវេលាម៉ោងជាង១១ ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
អភិបាលខេត្តកំពង់ធំលោក ងួន រតនៈ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅពេលដែលជនរង គ្រោះទាំងអស់ កំពុងជិះទូកចម្លងឆ្លងស្ទឹងសែន ក៏បណ្តាលឲ្យលិច ហើយស្លាប់សិស្ស ស្រីម្នាក់អាយុ១៣ ឆ្នាំ ខណៈសិស្សផ្សេងទៀតបានហែលមកច្រាំងស្ទឹង និងឡើងលើគោករួចផុតពីគ្រោះថ្នាក់។
បើតាមលោកអភិបាលខេត្ត, កូនសិស្សបានជិះទូកចម្លងរាល់ថ្ងៃទាំងទៅសាលារៀន និងចេញពីសាលាទៅផ្ទះ តែនៅថ្ងៃនេះបែរជាជួបហេតុការណ៍អាក្រក់លិចទូកយ៉ាងដូច្នេះ។ លោកសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ជីវិតកូនស្រីក្នុងហេតុការណ៍នេះ។
លោក ឃឹម សុខឃាង អភិបាល ស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ការលិចទូកនោះកើតឡើងដោយសារសិស្សជិះច្រើន និងអ្នកបើកបរកាណូតចម្លងនោះប្រើល្បឿនលឿន ហើយនៅពេលដែលស្ថានភាពទូកលិច សិស្សក៏ចាប់ផ្ដើមជ្រួលច្របល់ធ្វើឲ្យមានការប្រទាញ ប្រទង់លិចតែម្តង។
លោកអភិបាលស្រុកបានបញ្ជាក់ថា កុមារីរងគ្រោះឈ្មោះ អ៉ីន សុភ័ក្រ រៀនថ្នាក់ទី៧ មានទីលំនៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខណៈកុមារីម្នាក់ ទៀតឈ្មោះ ធឿន ស្រីពេជ្រ រៀនថ្នាក់ទី៧ ត្រូវបានជួយសង្រ្គោះ។
ក្រោយទទួលបានព័ត៌មាន អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានទៅកន្លែងកើហេតុ និងបានប្រគល់សាកសពក្មេងស្រីរងគ្រោះជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី
មហាជនដាក់ជាសំណួរសួរថា តើជាកំហុសរបស់សិស្សសាលា ម្ចាស់ទូកចម្លង ឬជាកំហុសរបស់អាជ្ញាធរមូលដ្ឋាន៕