ខេត្តមណ្ឌលគិរី÷ លោកយន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត មណ្ឌលគិរី គឺជាបុគ្គលដែលមានរឿងអាស្រូវច្រើនជាងគេស្ទើរទូទាំងប្រទេស នៅក្នុងចំណោមប្រធានមន្ទីរទាំង ឡាយ។ យ៉ាងណាក៏ដោយ លោកនៅតែអាចឈរជើងបានយ៉ាងមាំ នៅច្រើនដំណាក់កាលអភិបាលខេត្តមណ្ឌលគិរីក៏ដូចជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នោះផង។ មានន័យថាអភិបាលខេត្តត្រូវបានប្ដូរ,រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ត្រូវបានប្តូរ តែលោក យន់ សារោម មិនត្រូវបានដូរចេញនោះឡើយ។
រឿងរ៉ាវជាច្រើនក្នុងនោះមានជនជាតិដើមភាគតិចព្នងជិត ២រយនាក់ រស់នៅខេត្តមណ្ឌលគិរី បានលើកគ្នាតវ៉ានៅទីស្នាក់ការសហគមន៍ ដើម្បីទាមទារឱ្យប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនេះ អនុវត្តតាមការសន្យាថា នឹងចុះបញ្ជីដីសមូហភាពជូនសហគមន៍។ ជនជាតិដើមភាគ តិចទាំងនោះ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក បានស្រែកយំ ស្តាយស្រណោះដីព្រៃស្រោង ដែលជាកេរ ដំណែលវប្បធម៌ និងជាប្រភពសេដ្ឋកិច្ចរបស់ពួកគាត់ កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់។ សហគមន៍ទាំងនោះ ខឹងសម្បាចំពោះទង្វើប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី លោក យន់ សារោម ថា ភូតភរពួកគាត់ ដែលទន្ទឹងរង់ចាំ អាជ្ញាធរទទួលស្គាល់ជនជាតិដើមភាគតិចព្នង ជាស្វ័យអត្តសញ្ញាណ ដើម្បីបំពេញលក្ខខណ្ឌបង្កើតសហគមន៍។
ជាមួយនោះក៏មានបញ្ហានៃការឈូសឆាយដីព្រៃតំបន់ដែនជម្រកកែវសីមាផងដែរ។ ការចោទប្រកាន់លោក យន់ សារ៉ោម បានកើតឡើងបន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនករណីឈូសឆាយរំលោភយកដីព្រៃសហគមន៍ ដែនជម្រកសត្វព្រៃកែវសីមា ស្ថិតនៅភូមិស្រែអ៉ី សង្កាត់រម្យនា ក្រុងសែនមនោរម្យ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនអស់ ២៣ហិកតាដែលមានរបាយការណ៍របស់គណៈកម្មការ។ បទល្មើសនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលរកឃើញថា លោក យន់ សារ៉ោម ពិត ជាបានរំលោភយកដីព្រៃសហគមន៍អស់ ២៣ហិកតាប្រាកដមែន។
ចំពោះរឿងក្រុមគ្រួសារវិញលោក យន់ សារោម ប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី កាន់កាំបិតផ្គាក់រកកាប់អតីតភរិយារបស់ខ្លួន មិនឱ្យចូលផ្ទះ បន្ទាប់ពីលែងលះគ្នា តែមិនទាន់បែងចែកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានអ្នកជិតខាងឃាត់មិនឱ្យធ្វើសកម្មភាព កាប់ទៅលើអតីតភរិយាបាននោះទេ។ អ្នកស្រី ហែម រុន អតីតភរិយាលោកយន់ សារោម អះអាងថា គាត់គ្រាន់តែសុំស្នាក់នៅ ក្នុងផ្ទះជាបណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះផ្ទះនេះក៏មានចំណែករបស់លោកស្រីផងដែរ ពេលដែលពួកគាត់រួមរស់នៅជាប្តីប្រពន្ធនឹងគ្នា ហើយគាត់រង់ចាំតុលាការសម្រេចបែងចែកឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។
បញ្ហាបទល្មើសព្រៃឈើក៏ត្រូវគេរាយការណ៍ថា លោកយន់ សារោម តាមរយៈកូនប្រសារមានរោងសិប្បកម្មមួយជាប់ជាយដែនអភិរក្សកែវសីមា នៅតំបន់ស្រែអ៊ីជិតក្រុងសែនមនោរម្យ។ ឈើត្រូវបានដឹកចេញពីតំបន់អភិរក្សសម្រាប់យកមកផ្គត់ផ្គង់រោងសិប្បកម្មរបស់កូនប្រសើរលោកយន់ សារោម។ ក្រៅពីនេះក៏នៅមានបញ្ហាទំនាស់ជាមួយអ្នកយាមចាំចំការ របស់លោកនៅស្រុកកោះញែកដែលបង្កឲ្យមានការផ្សព្វផ្សាយមិនល្អ ប៉ះ ពាល់ដល់រដ្ឋបាលខេត្តមណ្ឌលគិរីនិងរាជរដ្ឋាភិបាលផងដែរ។
ក្រៅពីនេះ ក៏មានបញ្ហានៃការបើកបររថយន្តបុកក្មេងអាយុប្រាំឆ្នាំស្លាប់នៅស្រុកអូររាំងនោះទៀត។ ករណីគ្រោះថ្នាក់នេះ អ្វីដែលគេចាប់អារម្មណ៍នោះគឺលោកប្រធានមន្ទីរមិននៅដោះស្រាយបញ្ហា នៅហ្នឹងកន្លែងកើតហេតុទេ ប៉ុន្តែបែរជាព្យាយាមជម្លៀសគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ ករណីនេះជាបញ្ហាបទល្មើសមួយដ៏ធំតែមិនអាចទូទាត់ជាលុយកាក់បាននោះឡើយ។ ប៉ុន្តែគ្រួសារក្មេងរងគ្រោះមិនអាចធ្វើអ្វីលោកប្រធានមន្ទីរបានឡើយ។
អភិបាលខេត្តមណ្ឌលគិរីលោក ថងសាវុន ធ្លាប់បានចេញលិខិតណែនាំលោកប្រធានមន្ទីរនេះរួចម្ដងហើយដែរ។ យ៉ាងណាក៏ដោយ គេរង់ចាំមើលរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឬទ្ធិសែន តើគួរទុកមន្ត្រីស្អុយរលួយដូចលោកយន់ សារោម ឲ្យនៅធ្វើការងារទៀតឬយ៉ាងដូចម្ដេច នៅគ្រាដែលពេញរដ្ឋបាលខេត្ត មណ្ឌលគីរីលក់យន់ សារោម មិនត្រូវជាមួយនរណាសោះ?៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299